មិនដែលដឹងសោះថា នៅលើភ្នំគូលែនមានតំបន់អច្ឆរិយៈរហូតដល់ទៅ ៦ កន្លែង
ប្រសិនបើលោកអ្នកបានធ្វើដំណើរ ទស្សនាចរណ៍នៅរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំគូលែនគួរតែកុំមើលរំលង តំបន់ ទាំង ៦ នៃ ដែនដីអច្ឆរិយៈភ្នំគូលែននេះឱ្យសោះ ព្រោះតំបន់ទាំងនោះសុទ្ធតែជាតំបន់អច្ឆរិយៈ ដែលប្រជាពលរដ្ឋមួយចំនួនមិនធ្លាប់បានទៅដល់ ។
ភ្នំគូលែនមានកន្លែងអច្ឆរិយៈជាច្រើនរាប់មិនអស់ ដែលភ្ញៀវទេសចរមិនត្រូវមើលរំលងឡើយ ។ ភ្នំគូលែនមានទីតាំងស្ថិតនៅក្នុង ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ដែលមានចម្ងាយ ៦០ គីឡូម៉ែត្រ ពីក្រុង សៀមរាប និង ប្រហែលជា ២៥ គីឡូម៉ែត្រពីប្រាសាទបន្ទាយស្រី ។
អ្នកទេសចរទំាងអស់អាចធ្វើដំណើរដោយថ្មើរជើង រថយន្ត ឬ ម៉ូតូឡើងទៅកាន់ភ្នំគូលែនក៏បាន ដែលនៅសងខាងផ្លូវ ហែហមអមដំណើរជាមួយនឹងផ្ទាំងទស្សនីយភាពចម្រុះដ៏ស្រស់បំព្រង ដែលក្នុងនោះមានតំបន់ចំនួន ៦ កំពុងរង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរ នាឱកាសថ្ងៃឈប់សម្រាក ឬ បុណ្យជាតិផ្សេងៗរួមមាន ៖
ទី១ ជប់ព្រះ ៖ ជប់ព្រះមានទីតាំងស្ថិតនៅចង្កេះភ្នំជាទីរាបស្មើមានទឹកហូរចេញតាមចន្លោះថ្មយ៉ាងត្រជាក់អាចផ្តល់កម្លាំង ដល់ភ្ញៀវទេសចរយកទៅលុបលាងមុខ ក្នុងការបន្តដំណើរទៅមុខទៀត។ នៅក្បែរនោះក៏មានដើមចំប៉ាមួយដើមយ៉ាងធំ ដែលយើងកម្រ នឹងជួបប្រទះណាស់មានមុខ កាត់ប្រមាណ ០,៧ ម៉ែត្រ និង កម្ពស់ ១៥ ម៉ែត្រ និង នៅមានរូបសំណាកព្រះអង្គមួយអង្គធំនិងរូបព្រះតូចៗជាច្រើនទៀតដែល ត្រូវបានគេដឹងថា កសាងឡើងនៅក្នុង សតវត្សរ៍ទី ១៦ មកម្ល៉េះ ។
ទី២ ទឹកធ្លាក់ភ្នំគូលែន ទឹកធ្លាក់នេះមានពីរដំណាក់គឺដំណាក់ទីមួយទឹកធ្លាក់មានកម្ពស់ពី៤ទៅ៦ម៉ែត្រនិងមានមុខកាត់ពី ១០ ទៅ ១៥ ម៉ែត្រពោល គឺអាស្រ័យទៅ តាមរដូវប្រាំងឬរដូវវស្សា ។ ចំណែកឯទឹកធ្លាក់ដំណាក់ទីពីរវិញមានកម្ពស់ពី១៥ ទៅ ២០ ម៉ែត្រមាន មុខកាត់ ៦ ទៅ ៨ ម៉ែត្រ ។ នៅ ក្បែរទឹកធ្លាក់ភ្នំគូលែននេះដែរគេសង្កេត ឃើញមានប្រាសាទបុរាណបាក់បែកមួយដែលត្រូវបានកសាងឡើងអំពីថ្មបាយក្រៀមហៅថាប្រាសាទក្រោលរមាស ផងដែរ ។
ទី៣ ព្រះអង្គធំ៖ ព្រះអង្គធំនេះមានទី តាំងស្ថិតនៅលើកំពូលភ្នំ ដែលត្រូវបានបុព្វបុរសខ្មែរកសាងឡើងនៅក្នុងសតវត្សរ៍ទី ១៦ នៅលើថ្មដុះមួយយ៉ាងធំក្នុង កម្ពស់ជិត ៨ ម៉ែត្រ និង មានរូបសំណាកព្រះចូលនិព្វានដែលមានបណ្តោយ៨ម៉ែត្រ ហើយនៅមិនឆ្ងាយ ពីទីនោះប៉ុន្មានគេ ឃើញមានដើមចំប៉ាចំនួន ២ ដើមធំៗ ។ ក្រៅពីរូបព្រះអង្គធំ គឺនៅមានឆត្ររួត បាត ជើងព្រះបាទជាន់ទុក្ខ ពើងឆត្រ ពើងឥសូ ពើងឥសីនិងកន្លែងជាច្រើនទៀតសម្រាប់ ក្រុមអ្នកទេសចរគយគន់ ។
ទី៤ ក្បាលស្ពាននិងលិង្គ ១០០០ ៖ ពេល បានមកដល់ហើយអ្នកទេសចរជាតិ និង អន្តរជាតិនឹងបានឃើញទឹកហូរថ្លាឈ្វេង ប្រឡែងលេងជាមួយនឹងកម្រាលថ្មរួមទាំងចម្លាក់លិង្គ ១០០០ របស់ព្រះឥសូរំលេច ចេញជាហូរហែរហូតតាមបណ្តោយច្រាំងស្ទឹងប្រមាណជា ២០០ ម៉ែត្រ ។ មិនតែប៉ុណ្ណោះគេក៏ឃើញមានរូបយោនីនិងរូបលិង្គជាច្រើនឆ្លាក់នៅជាប់ថ្មបាតស្ទឹង ដែលមានទឹកហូររឹមៗខួបប្រាំងខួបវស្សាឆ្លុះមើលឃើញវត្ថុទាំងនោះគួរឱ្យស្ញប់ស្ញែង បំផុត ។ បន្ទាប់ពីទស្សនាចម្លាក់ទាំងនេះ ប្រកបដោយភាពជក់ចិត្តដែលត្រូវបានគេ ដឹងថា កសាងឡើងកាលពីទសវត្សរ៍ទី ១១ ដល់ទសវត្សរ៍ទី ១៣ ស្ថាបនាដោយព្រះបាទសុរិយ្យវរ័្មនទី ១ និង ស្ថាបនាបន្តរួចរាល់ជាស្ថាពរដោយព្រះបាទ UdayadityavarmanII នោះ ។
ទី៥ ព្រះលានស្តេចគំលង់ ៖ គឺជាកន្លែងមួយទៀតនៅលើភ្នំគូលែនដែលក្រុមអ្នក ទេសចរមិនអាចរំលងបាន ព្រះលាន ស្តេចគំលង់យើងសង្កេតឃើញមានផ្ទៃរាបស្មើប្រៀបបាននឹងកន្លែងមួយដែលគេ ចាក់ក្រាលបេតុងយ៉ាងដូច្នោះដែរ ។ នៅចំកណ្តាលនៃផ្ទៃរាបស្មើនោះ គឺមានកូនប្រាសាទបាក់បែកមួយដែលដូនតាខ្មែរ កសាងឡើងអំពីឥដ្ឋតាន់និងបើតាមការស្រាវជ្រាវរបស់ក្រុមបុរាណវិទូជាតិ អន្តរជាតិបានសន្និដ្ឋានថា គឺជាកំអែលបន្ទុះភ្នំ ភ្លើងដែលមានអាយុកាលរាប់រយឆ្នាំមកហើយ ។
ទី៦ ស្រះដំរី ៖ គឺជាកន្លែងមួយទៀត ដែលអ្នកបានទៅដល់ តែងតែសរសើរចំពោះអ្វីដែលមាននៅទីនេះថា ពិតជាអស្ចារ្យខ្លាំងណាស់ ជាពិសេសមានរូបសំណាកសត្វធំៗសាងឡើងអំពីថ្មលម្អដោយព្រៃព្រឹក្សាផងនោះបានធ្វើឱ្យលោកអ្នកកាន់តែអណ្តែត អណ្តូងនឹកទៅដល់សម័យកាលមួយ និង ចាំបាច់ត្រូវតែអភិរក្សតំបន់ភ្នំគូលែននេះឱ្យនៅស្ថិតស្ថេរសម្រាប់មនុស្សជំនាន់ក្រោយៗ និង ទុកជាមរតកវប្បធម៌មិនអាចកាត់ថ្លៃបាន ពោលតំបន់អច្ឆរិយៈទាំង៦នេះពិត ជាអស្ចារ្យខ្លាំងណាស់ ៕
ដោយ៖សុថាត់