ផ្ទះបុរាណរបស់លោកយាយ ប៊ុន រឿង ភូមិវត្តគរមានអាយុច្រើនដល់ម្ល៉ឹងផង !
ផ្ទះបុរាណរបស់លោកយាយ ប៊ុន រឿង បានកសាងឡើងនៅ ឆ្នាំ ១៩២០ ធ្វើពីឈើ៣ប្រភេទ ដែលមានផ្នែកដំបូល និង សសរធ្វើពីឈើផ្ចឹក ហោណាំងធ្វើពីឈើកកោះ ផ្នែកខាងក្នុងផ្ទះធ្វើពីឈើបេង ក្នុងរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ មកទល់ពេលនេះមានអាយុកាល ៩៨ ឆ្នាំហើយ ។
ផ្ទះនេះសាងសង់ដោយលោកឧកញ៉ា នូ ពិនិត្យ ភីង និង ភរិយា លោកស្រី យិន ។ លោកឧកញ៉ាជាមេទ័ព តែលុះដល់វ័យចំណាស់គាត់បានប្ដូរមកធ្វើជាស្មាក្ដីវិញ លោកទាំងពីរមាន កូន៧នាក់ ប្រុស ១ ស្រី ៦។ ក្រោយពីលោកទទួលអនិច្ចកម្មទៅ ផ្ទះនេះត្រូវបានគ្រប់គ្រងដោយកូនស្រីទី ៦ គឺអ្នកស្រី នូ ភុន ព្រមទាំងស្វាមី ឈ្មោះ ប៊ុន ឈួយ លោកទាំងពីរជាឪពុកម្ដាយរបស់ម្ចាស់ផ្ទះសព្វថ្ងៃនេះ។
ផ្ទះបុរាណនេះ ស្ថិតនៅ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានចម្ងាយ ២ គីឡូម៉ែត្រ ពីសាលាខេត្តបាត់ដំបង។ នៅភូមិវត្តគរ មានផ្ទះបុរាណចំនួន ២០ ផ្ទះ តែមានផ្ទះបុរាណចំនួន ២ ប៉ុណ្នោះ ដែលអាចទស្សនាបាន ។ បច្ចុប្បន្នផ្ទះនេះមានអ្នកគ្រប់គ្រងថែរក្សាបីជំនាន់មកហើយ។ ផ្ទះនេះមានបណ្ដោយប្រវែង ២៩ ម៉ែត្រ និង ទទឹង ១០,៥ ម៉ែត្រ សង់លើផ្ទៃដីទំហំ ៥ ៤៥០ ម៉ែត្រការ៉េ សង់តាមលំនាំម៉ូត ប៉ិត មានន័យថា ហោណាំង (រានហាល) នៅខាងមុខ ។
ផ្ទះនេះមានជណ្ដើរពីរៈ ខាងមុខធ្វើ ពីថ្ម រីឯខាងក្រោយធ្វើពីឈើ ។ ដំបូលប្រក់ក្បឿងស្រកានាគបុរាណតែខាងក្នុងគ្មានពិដានទេ និង មាន ក្បូក្បាច់យ៉ាងប្រណិតនៅលើព្រំផ្ទះ។ ឈើផ្នែកនាងខាងលើនៃដំបូលធ្វើពីឈើផ្ចឹក ក្ដារក្រាលខាងក្នុងផ្ទះធ្វើពីឈើបេង ក្ដារក្រាលរានហាល ធ្វើពីឈើកកោះ។ ចំណែកជញ្ជាំងវិញ ធ្វើពីឫស្សី ត្បាញបូកជាមួយបាយអ។ សសរទាំង៣៦សុទ្ធតែធ្វើពីឈើផ្ចឹកទាំងអស់ ហើយនៅតែមានសភាពរឹងមាំរហូតដល់ពេលបច្ចុប្បន្ននេះ។
ផ្ទះបុរាណនេះចែកជាបីផ្នែកៈទី១ រានហាលខាងមុខ និងចំហៀង ទី២ នៅចំកណ្ដាលផ្ទះមានបន្ទប់ទទួលភ្ញៀវដ៏ធំមួយ នៅខាងឆ្វេងដៃផ្នែកខាងក្រោយនៃបន្ទប់ទទួលភ្ញៀវមានទ្វារមួយនាំទៅកាន់បន្ទប់គេងពីរ ។ ទី៣ ទល់មុខបន្ទប់គេងទាំងពីរមានទ្វារ មានទ្វារមួយទៀតនាំទៅកាន់រានហាលចំហៀងនិងជណ្ដើរដែលធ្វើពីឈើ។ ចេញពីទ្វារនោះ នៅខាងឆ្វេងដៃប្រហែលជា ៥ម៉ែត្រ មានផ្ទះបាយមួយទៀត ។
នៅជំនាន់ខ្មែក្រហម ផ្ទះនេះត្រូវបានគេយកធ្វើជាកន្លែងសំរាប់បោកស្រូវដាក់សំភារៈហើយ និងធ្វើជាផ្ទះបាយរួម ដែលជាហេតុបណ្ដាលអោយខូចខាតអស់ពាក់កណ្ដាលនៅផ្នែកខាងក្រោយគឺផ្ទះបាយបច្ចុប្បន្ននេះ។ បច្ចុប្បន្ននេះផ្ទះបុរាណមានការទាក់ទាញចំពោះភ្ញៀវជនជាតិបារាំងមានចំនួនច្រើនជាងគេ និង អាចទស្សនាជីវភាពប្រជាជន ដែលរស់នៅតាមដងស្ទឹង ប្រកបរបរដាំបន្លែ នេសាទត្រី ។
ដំណើកម្សាន្តឆ្ពោះទៅកាន់ផ្ទះបូរាណ គឺជាដំណើទេសចរណ៍បែបប្រវត្តិសាស្រ្ត ដែលធ្វើឱ្យភ្ញៀវមិនអាចបំភ្លេចបានដោយសារតែពេលទៅទស្សនានៅទីនោះ បានឃើញផ្ទះបុរាណចាស់ៗបង្កប់ដោយលក្ខណៈ ស្ថាបយកម្មខ្មែរ ដែលនៅគង់វង្ស ដូចជាឧបករណ៍ប្រើប្រាស់សំរាប់ការងារកសិកម្ម សិប្បកម្មតម្បាញ ក្បូរក្បាច់រចនាលំនៅដ្ឋាន ដែលជារចនាបទខ្មែរបូរាណ ៕
ដោយ៖សុថាត់ (ប្រភព៖មន្ទីរទេសចរណ៍ខេត្តបាត់ដំបង)