ភ្នំសន្ទុក រមណីដ្ឋានវប្បធម៌ និង ធម្មជាតិ ដែលគួរតែដឹង!
ភ្នំសន្ទុក គឺជារមណីដ្ឋានរប្បធម៌ និង ធម្មជាតិ ដែលមានទីតាំងនៅ ភូមិករកោះ ឃុំករកោះ ស្រុកសន្ទុកមានចម្ងាយប្រហែល ១៧ គីឡូម៉ែត ពីភាគខាងត្បូងក្រុងកំពង់ធំ ។ កាលពីបុរាណរហូតមកទល់សព្វថ្ងៃ ភ្នំសន្ទុកត្រូវបានពលរដ្ឋខ្មែរ ហៅឈ្មោះជាច្រើនដូចជា ភ្នំធំ ភ្នំអាត់សន្ទុក ភ្នំចមជង្គគីរី ភ្នំគ្រប់ទុក រួចចុងក្រោយគឺឈ្មោះភ្នំសន្ទុកដល់សព្វថ្ងៃ ។
ភ្ញៀវទេសចរទាំងឡាយតម្រូវឱ្យឡើងកាំជណ្តើរដ៏វែង ដែលមានដល់ទៅ ៨០៩ កាំ ប៉ុន្តែអ្វីដែលពិសេសនោះ គឺមានសេវាកម្មសែងអង្រឹងដឹកអ្នកដំណើរណា ដែលមិនអាចរឡើងដល់កំពូលភ្នំផងដែរ ។
ទោះបីជាការឡើងហត់យ៉ាងណាក្តី ភ្ញៀទេសចរទាំងឡាយនឹងមានអារម្មណ៍ធូរស្បើយឡើងវិញដោយសារតែខ្យល់អាកាសត្រជាក់ស្រិប និង ទិដ្ឋភាពស្រស់បំព្រងពីលើកំពូលភ្នំ ។
នៅលើកំពូលភ្នំ ក៏មានរូបព្រះពុទ្ធបដិមាដ៏អស្ចារ្យ ដែលធ្វើឡើងពីថ្មភ្នំ ឥរិយាបថចូលព្រះនិព្វានដែលមានប្រវែងជាង ១០ ម៉ែត និង មានរូបចម្លាក់ព្រះពុទ្ធរូបដទៃទៀត ដែលហាក់ដូចជាផុសចេញពីថ្មភ្នំអញ្ចឹង។ រូបចម្លាក់ទាំងនេះ ត្រូវបានគេសិក្សាថា សង់ឡើងក្នុងរាជ្យព្រះបាទ ព្រះពញ្ញាធម្មរាជា ពីឆ្នាំ ១៤៧៤-១៤៩៤៥ មកម្លេះ ៕
ដោយ៖សុថាត់