ទេសភាព ទឹកជ្រោះ ឡេងកៅ ពិតជាស្រស់ស្អាតគ្មានពីរ
ប្រសិនបើលោកអ្នកបានទៅដល់ខេត្តមណ្ដលគិរី គួរតែសាកល្បងទៅកម្សាន្ត នៅទឹកជ្រោះ ឡេងកៅ បានម្តង ពិតជាមិនធ្វើឱ្យលោកអ្នកខុសបំណងឡើយ ។ ទឹកជ្រោះ ឡេងកៅ ស្ថិតនៅក្នុងដែនជម្រក សត្វព្រៃកែវសីមា នៅក្នុង ភូមិអណ្តូងក្រឡឹង ឃុំ សែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី ។
ដើម្បីបានទៅដល់ទឹកជ្រោះឡេងកៅ លោកអ្នក ត្រូវទាក់ទងជាមួយនឹងសហគមន៍ ភូមិអណ្តូងក្រឡឹង ជាមុនសិន ទើបងាយស្រួលក្នុងការធ្វើដំណើរ ឬ មួយក៏លោកអ្នកអាចទៅផ្ទាល់ដោយរកអ្នក ភូមិអណ្តូងក្រឡឹង ជាអ្នកនាំផ្លូវ ទើបងាយស្រួល ។
មុននឹងបានទៅដល់ ទឹកជ្រោះឡេងកៅ លោកអ្នកនឹង បានឃើញ ទេសភាព ដ៏ស្រស់ត្រកាលគ្មានពីរ នៅក្នុងដែនជម្រក សត្វព្រៃកែវសីមា ដែលធ្វើឱ្យយើងកម្ររកទីណាមកប្រដូចបានណាស់ ។ នៅពេលទៅដល់ ទឹកជ្រោះ ឡេងកៅ យើងបានឃើញទិដ្ឋភាពថ្មីមួយដ៏ប្លែកអស្ចារ្យ ដែលទឹកហូរទំលាក់ពីផ្ទាំងថ្មបង្កើតបានជាទេសភាពដ៏អស្ចារ្យ ។
នៅទឹកជ្រោះឡេងកៅ បានផ្លាស់ប្តូរសាភណ្ឌ័ភាពពីរផ្សេងគ្នា គឺនៅរដូវប្រាំង ទេសភាពផ្ទាំងថ្មបានបង្អួតភ្នែកទេសចរយ៉ាងឆើតឆាយ ប្រៀបដូចថ្មប្រាសាទបុរាណដែលបានសាងទុកនៅទីនោះ ចំពោះនៅរដូវវស្សាវិញ មានទឹកច្រើន ដែលបណ្តាលឱ្យទឹកជ្រោះពេញប្រៀបមិនចាញ់ទឹកជ្រោះប៊ូស្រាប៉ុន្មានឡើយ ។
ក្រៅពីនេះ នៅតំបន់នោះ មានសហគមន៍ទេសចរណ៍ធម្មជាតិ ភូមិអណ្តូងក្រឡឹង ត្រូវបានបង្កើតឡើង ដែលធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះ មានជីវភាពធូរធារ និង ប្រសើរជាងមុន ដោយសារតែភ្ញៀវទេសចរជាតិ និង អន្តរជាតិ បានធ្វើដំណើរទៅកម្សាន្តនៅទីនោះហូរហែឥតដាច់ ៕
ដោយ៖សុថាត់