សហគមន៍ទេសចរណ៍សត្វស្លាបបឹងពារាំង ពិតជាទាក់ទាញខ្លាំង !
សហគមន៍ទេសចរណ៍ធម្មជាតិបឹងពារាំង ជាសហគមន៍មួយដែលមានជីវៈចម្រុះ សម្បូរបែប ជាពិសេសសត្វស្លាបកម្រ ប៉ុន្តែសហគមន៍មួយនេះមិនទាន់អាចដំណើរការសេវាកម្មទេសចរណ៍ ដើម្បីទាញយកចំណូលពីវិស័យទេសចរណ៍ជូនប្រជាពលរដ្ឋនៅតំបន់នេះឱ្យបាននៅឡើយទេ ។
លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍នៅក្នុងកិច្ចប្រជុំការងារទេសចរណ៍ជាមួយផ្នែករដ្ឋ និង ឯកជនក្នុងវិស័យទេសចរណ៍ កន្លងទៅថ្មីៗនេះថា វិស័យទេសចរណ៍ គឺជាវិស័យមួយដែលបានផ្តល់ប្រាក់ចំណូលច្រើនទៅប្រជាពលរដ្ឋនៅតាមសហគមន៍ តាមរយៈជំរុញភ្ញៀវទេសចរឱ្យទៅកម្សាន្តនៅតាម តំបន់ទេសចរណ៍នៅក្នុងសហគមន៍របស់ពួកគាត់ ។
សហគមន៍ទេសចរណ៍ធម្មជាតិបឹងពារាំង ដែលជាសហគមន៍មួយដែលមានជីវៈចម្រុះសម្បូរបែប ជាពិសេសសត្វស្លាបកម្ររាប់ពាន់ ក្បាលកំពុងរស់នៅ និង ជាទស្សនីយភាពដ៏សំខាន់មួយសម្រាប់ទាក់ទាញអ្នកទេសចរ ឱ្យទៅទស្សនាកម្សាន្ត ប៉ុន្តែសហគមន៍នៅមិនទាន់បានស្រូបយកថវិកាពីវិស័យទេសចរណ៍នេះឱ្យបានល្អនៅឡើយ ។
បច្ចុប្បន្ននេះក្រសួង ស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួង បរិស្ថាន ក្រសួងធនធានទឹក អាជ្ញាធរខេត្តសៀមរាប និង ក្រសួងទេសចរណ៍ផ្ទាល់បានឯកភាពយល់ព្រម ជំរុញឱ្យសហគមន៍ទេសចរណ៍មួយនេះ ដំណើរការសេវាកម្មទេចរណ៍ឱ្យបានល្អនាពេលឆាប់ៗនេះ ។
លោក គង់ មង្គល ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិបឹងពារាំង ដែលស្ថិតនៅក្នុងតំបន់បឹងទន្លេសាប នៃសង្កាត់ជ្រាវ ក្រុងសៀមរាប ដែលបានបង្កើតឡើង រយៈពេល៣ឆ្នាំ កន្លងមកហើយក្នុងគោលបំណងបំពេញតួនាទីអភិរក្សមច្ឆាជាតិ និង ហ្វូងសត្វស្លាបទឹក ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនា ដើម្បីបានប្រាក់ចំណូលដល់ ប្រជាពលរដ្ឋនៅតំបន់នេះ៕
ដោយ៖សុថាត់