ទៅខេត្តរតនគិរី គួរតែទៅលម្ហែកាយនៅបឹងកន្សែងម្តង!
ប្រសិនបើទៅដល់ទឹកដីនៃខេត្តរតនគិរីហើយនោះ លោក អ្នកគួរតែស្កាត់ទៅលម្ហែកាយនៅបឹងកន្សែងម្តង វាពិតជាធ្វើឱ្យលោក អ្នកមានអារម្មណ៍ជ្រះថ្លាជាមិនខាន ។ នៅទីនោះហើយ ដែលជាកន្លែងដែលរៀបរាបដ៏មានអត្ថន័យក្នុងបទចម្រៀង «អកបឹងកន្សែង»របស់អធិរាជសំឡេងមាសលោកស៊ីន ស៊ីសាមុតដែលយើងគ្រប់គ្នាតែងតែស្តាប់យ់ាងចក់ចិត្តក្រៃលែង ។
បឹងកន្សែងមានទីតាំងស្ថិតនៅក្នុង ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ចម្ងាយជាង ១គីឡូម៉ែត្រពី ក្រុងបានលុង ខេត្តរតនគិរី ។ កាលពីសម័យមុននៅតំបន់បឹងកន្សែង សំបូរទៅដោយរុក្ខជាតិគ្រប់ប្រភេទ ផ្ការីក ចោលក្លិនពិដោរក្រអូបឈ្ងុយឈ្ងប់ ។ ចំណែកឯនៅក្នុងផ្ទៃបឹងវិញ ពោរពេញទៅដោយសារាយ ព្រលិត មានផ្ការីករហង់ និង មានទឹកត្រជាក់ថ្លាយង់ សម្រស់ធម្មជាតិនៅបឹងកន្សែងទាក់ទាញអ្នកទេសចរ ពិបាកនឹងដកចិត្តរួចណាស់ ។
បច្ចុប្បន្ននៅបឹងកន្សែងមានសភាពខុសប្លែកពីមុនខ្លះៗ ពោលត្រូវជំនួសដោយលំនៅដ្ឋាន មន្ទីរពេទ្យ ភោជនីយដ្ឋាន និង សណ្ឋាគារប្រណិតៗ ស្អេកស្កះកម្ចាត់ភាពស្ងាត់ជ្រងំដោយព្រៃធម្មជាតិ ប្រែមកជាអឺងកងដោយសកម្មភាពរបស់មនុស្សម្នាទៅវិញ ។ ទោះបីជាយ៉ាងណាក្តី បឹងកន្សែង ក៏នៅរក្សាទុកភាពដើមខ្លួនបានខ្លះដែរ គឺផៃ្ទបឹងមានទឹកថ្លាគួរឱ្យចង់គយគន់ ពីសំណាក់ទេសចរ ៕
ដោយ៖សុថាត់