ទៅលេងខេត្តមណ្ឌលគិរី កុំភ្លេចទៅលេងទឹកជ្រោះដំណាក់ស្ដេច !
បើលោកអ្នកបានធ្វើដំណើរទៅដល់ខេត្តមណ្ឌលគិរី គឺមិនត្រូវមើលរំលង ទឹកជ្រោះដំណាក់ស្ដេចឡើយ ព្រោះវានៅមិនឆ្ងាយពីក្រុងសែនមនោរម្យឡើយ ព្រោះនៅទីនោះមានទេសភាព និង ធម្មជាតិ ស្រស់ស្អាត ដោយគ្រាន់តែចំណាយពេលតែ៣០នាទីនឹងបានទៅដល់ទីនោះ ហើយបានទស្សនាទេសភាពដ៏ស្រស់ស្អាតនោះ ។
ទឹកជ្រោះដំណាក់ស្ដេច មានទីតាំងស្ថិតនៅ ភូមិដើមស្រល់ ឃុំមនោរម្យ ក្រុងសែនមនោរម្យ មានចម្ងាយប្រមាណជា ៥ គីឡូម៉ែត្រពីទីក្រុង ។ កាលពីប៉ុន្មានឆ្នាំមុនមានភ្ញៀវទេសចរជាច្រើនតែងតែទៅលេងនៅទីនោះមិនដែររំលងឡើយ ព្រោះជាទឹកជ្រោះដែលនៅជិតខេត្តបំផុត ផ្ទុយស្រឡះពីឥឡូវស្ងាត់ជ្រងំ ហើយចំពោះបរិស្ថានវិញ ក៍មិនសូវល្អដែរ វាបណ្ដាលមកពីកត្តាមួយចំនួនដូចជា ខ្វះការថែទាំ ផ្លូវចូលមិនសូវល្អ ជាដើម ។
ទឹកជ្រោះដំណាក់ស្ដេចនេះ ក៏ជាទីក្រយា របស់អតីតព្រះមហាក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះបិតាជាតិខ្មែរផងដែរ ចាប់តាំងពីទ្រង់ទើបបង្កើត ខេត្តមណ្ឌលគិរីលើកដំបូង ហើយព្រះអង្គក៏មានព្រះរាជដំណាក់ នៅជិតទីនោះ ទើបជាប់ឈ្មោះ ជាទឹកជ្រោះដំណាក់ស្តេច នេះ តរៀងមក ៕
ដោយ៖សុថាត់