មន្ត្រីសារមន្ទីរប្រទេសអាស៊ានទាំង ១០ និង ជប៉ុន ទៅទស្សនាប្រាសាទបាកាណ
នៅ ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០១៨នេះ មន្ត្រីនៃសារៈមន្ទីរជាតិ របស់ប្រទេសអាស៊ានទាំង ១០ និង ប្រទេសជប៉ុន បានអញ្ជើញទៅទស្សនា ក្រុមប្រាសាទបាកាណ (ប្រាសាទព្រះខណ្ឌកំពង់ស្វាយ) ក្រោមការដឹកនាំរបស់លោក គឹម សុធិន ប្រធាននាយកដ្ឋានគាំពារ និង អភិរក្សសំណង់បុរាណ តំណាងឱ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ។
លោក គឹម សុធិន ប្រធាននាយកដ្ឋានគាំពារ និង អភិរក្សសំណង់បុរាណនៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានឱ្យដឹងថា ភ្ញៀវបណ្តាប្រទេសអាស៊ានទាំង ១០ និង ជប៉ុន មានការកោតសរសើរនូវស្នាដៃរបស់បុព្វបុរស ដែលបានសាងប្រាសាទបុរាណដ៏មានតម្លៃនេះ ។ ជាមួយគ្នានេះ គណប្រតិភូក៏បានទៅទស្សនាព្រះពុទ្ធបដិមា ចតុម្មុខ ដែលជាស្នាដៃនៃការ ជួសជុល របស់នាយកដ្ឋានគាំពារ និង អភិរក្សសំណង់បុរាណ ។
លោកប្រធាននាយកដ្ឋានក៏បានប្រាប់ភ្ញៀវឱ្យដឹងទៀតថា ប្រាសាទបុរាណដ៏ល្អឯកនេះមានរូបបដិមាយ៉ាងស្រស់ស្អាត ដែលបានបាត់បង់ស្ទើរតែអស់ទៅហើយ។ ប្រាសាទនេះត្រូវបានរងការខូចខាខ្ទេចខ្ទីយ៉ាងខ្លាំង កាលពីស្រុកមានសង្គ្រាម ដែលពេលនេះ ទាមទារឱ្យមានការថែទាំ និង អភិរក្សជាបន្ទាន់ ។
ប្រាសាទបាកាណ មានទីតាំងស្ថិតនៅក្នុង ភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ មានចម្ងាយប្រមាណជា១០៥ គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ ។ ប្រាសាទបាកាណ គឺជាកន្លែងវប្បធម៌ប្រវត្តិសាស្ត្រមួយ ប្រាសាទនេះ ត្រូវបានសាងសង់ក្នុងរាជព្រះបាទ សូរ្យវ័រ្មនទី១ ស ត ទី១១ (១០០២-១០៥០) រចនាបទ ឃ្លាំង អង្គរវត្ត និង រចនាបទបាយ័ន ៕
ដោយ៖សុថាត់