វត្តព្រះអង្គគុហ៍នឹងក្លាយជាតំបន់ទេសចរណ៍បែបធម្មជាតិ នាពេលដ៏ខ្លីខាងមុខនេះ !
ល្អាងភ្នំមួយកន្លែងស្ថិតក្នុងភូមិព្រែកសង្កែលិច ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ នឹងត្រូវរៀបចំប្រែក្លាយ ទៅជាតំបន់ទេសចរណ៍បែបធម្មជាតិនាពេលអនាគត ។ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាមបានបញ្ជាក់បែបនេះ ពេលដឹកនាំមន្ត្រីជំនាញទៅកាន់ទីនោះនាពេលកន្លងមក ។
លោក ស៊ាន សុគន្ធ ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាមបានឱ្យដឹងថា៖ ធាតុពិតល្អាងភ្នំខាងលើនេះគឺស្ថិតក្នុងបរិវេណរមណីយដ្ឋាន វត្តគុហ៍គង្គា ហៅព្រះអង្គគុហ៍ ។ ជាទីតាំងសម្រាប់ភ្ញៀវទេសចរ ទៅ លេងកម្សាន្តនារដូវបុណ្យទានផ្សេងៗ ជាទីគោរពបូជា របស់ប្រជាពលរដ្ឋគោរពព្រះពុទ្ធសាសនា និង ជាកន្លែងបន់ស្រន់សក្តិសិទ្ធិខាងអបិយជំនឿផងដែរ ។
តាមការនិយាយដំណាលតៗគ្នាពីប្រវត្តិ« ព្រះអង្គគុហ៍» នោះគឺកាលពី ៧៩ ឆ្នាំមុន ជាព្រះពុទ្ធរូបផ្ទំសង់អំពីឈើ បានអណ្តែតក្នុងទឹកទន្លេមេគង្គ ហើយក៏ត្រូវបានអ្នកនេសាទស្រង់ពីទឹក មកប្រគេនចៅអធិការវត្តនេះ ដែលដើមឡើយឈ្មោះ វត្តដើមជ្រៃ។ ប៉ុន្តែច្រើនឆ្នាំក្រោយមក រូបព្រះអង្គនេះបានពុកផុយ គឺចៅអធិការវត្ត ក៏សម្រេចកសាងព្រះពុទ្ធរូប ដដែលនេះជាថ្មឡើងវិញ។ ដោយបានតម្កល់ខាងក្នុងល្អាងមកទល់សព្វថ្ងៃ និង ដាក់ឈ្មោះ «វត្តគុហ៍គង្គា ហៅវត្តព្រះអង្គគុហ៍»នេះ ។
ល្អាងវត្តព្រះអង្គគុហ៍ ក៏ស្ថិតក្នុងកញ្ចប់ទេសចរណ៍របស់ខេត្ត តាមបណ្តោយដងទន្លេមេគង្គមាន៖ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រភ្នំហាន់ជ័យ , រមណីយដ្ឋានទើបបានបង្កើតថ្មី គឺរមណីយដ្ឋានឬស្សីភ្នំហាន់ជ័យ ( HANCHEY BAMBOO RESORT) , រមណីយដ្ឋានវត្តបឹងដែង និង រមណីយដ្ឋាននាគខ្មៅ ដែលស្ថិតក្នុងស្រុកស្ទឹងត្រង់ទាំងអស់ ។
កន្លងមក «រមណីយដ្ឋានវត្តព្រះអង្គគុហ៍» មិនសូវមានការទាក់ទាញ ភ្ញៀវទៅ លេងកម្សាន្តនោះទេ ក៏ព្រោះតែ ប្រព័ន្ធផ្លូវថ្នល់ទៅ កាន់តំបន់នោះ មានការលំបាក និង ម្យ៉ាងមិនសូវមានការផ្សព្វផ្សាយពីសក្តានុពល តំបន់ល្អាង នៃរមណីយដ្ឋាននោះផង ។
រមណីយដ្ឋានវត្តព្រះអង្គគុហ៍មានចម្ងាយប្រហែលជា ៥៥ គីឡូម៉ែត្រ ពីក្រុងកំពង់ចាម បច្ចុប្បន្នមានផ្លូវសម្រាប់ចេញចូលបានយ៉ាងស្រួលអាចបើកបររថយន្តចេញចូលដល់ បរិវេណវត្តគុហ៍គង្គា ខាងមុខល្អាងមួយនេះ បានដោយសុវត្ថិភាព គឺមិនលំបាក ដូចកាលពីប៉ុន្មានឆ្នាំមុននោះទេ ៕
ដោយ ៖ ដេវីត