មិនដែលដឹងសោះថា ព្រះវិហារនៅក្នុងវត្តសំរោងមានអាយុកាលច្រើនបែបនេះសោះ !
ព្រះវិហារដ៏ចំណាស់ ដែលមានអាយុកាលជាង៣០០ឆ្នាំ នៅវត្តសំរោង ស្ថិតក្នុងភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវបានមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ ខេត្តបាត់ដំបង កំពង់រៀបចំធ្វើការអភិរក្សទុកជាសម្បត្តិវប្បធម៌ ឬ ជាសម្បត្តិបេតិកភណ្ឌជាតិ ដើម្បីទាក់ទាញអ្នកទេសចរទៅទស្សនា និង ស្រាវជ្រាវ ។
តាមព័ត៌មានពី ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានឱ្យដឹងថា ក្រសួង ចង់អភិរក្ស «ព្រះវិហារចាស់» ដែលមានអាយុកាលរាប់រយឆ្នាំនៅក្នុង វត្តសំរោងក្នុង ទុកជាសម្បត្តិវប្បធម៌ជាតិ ឬជាសម្បត្តិបេតិកភណ្ឌជាតិ ព្រោះវាមានសភាពចាស់ទ្រុឌទ្រោមណាស់ទៅហើយ ក្រែងមិនអាចនៅគង់វង្ស បើមិនបានថែទាំ ឬ មិនបានជួសជុលឡើងវិញ នៅផ្នែកខ្លះនោះ ទេ។
វត្តសំរោងក្នុង ស្ថិតក្នុង ភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានផ្ទៃដីទំហំ ២៩,៩៣៧ ម៉ែត្រក្រឡា កសាងនៅកំឡុងពុទ្ធសករាជ ២ ២៥០ គ្រឹស្ដសករាជ ១៧០៧ មកទល់ពេលនេះមានអាយុកាល ៣១១ ឆ្នាំហើយ ។ ដំបូងឡើយ វត្តសំរោងក្នុង គ្រាន់តែជាអាស្រមមួយនៅក្នុងព្រៃស្មសាននាសម័យនោះ ដែលរៀបចំដោយព្រះសង្ឃធុតង្គមួយអង្គព្រះនាម «ជ័យ»ប៉ុណ្ណោះ ។
ជាបន្តបន្ទាប់មកព្រះអង្គបានកសាងព្រះវិហារដ៏ធំមួយធ្វើពីឈើ តែក្រោយមកបានសាងសង់ពីឥដ្ឋបូកបាយអ ប្រក់ក្បឿង សសរឈើ ហើយបានកសាងប្រាសាទផងដែរ ។ សំណង់ទាំងនេះមានបន្សល់ទុកនៅក្នុងបរិវេណវត្តសំរោងក្នុង ហើយបើគិតមកដល់បច្ចុប្បន្នសំណង់ព្រះវិហារចាស់នេះ មានអាយុកាល ៣១១ ឆ្នាំហើយ ។
នៅក្នុង ឆ្នាំ ១៩៧៥ ដល់ ឆ្នាំ ១៩៧៩ វត្តសំរោងក្នុង បានក្លាយជាគុកសម្រាប់ដាក់អ្នកទោសក្នុងរបប «កម្ពុជាប្រជាធិបតេយ្យ» ។ ពួកខ្មែរក្រហមបានយកព្រះវិហារបុរាណនេះ ធ្វើជាកន្លែងឃុំឃាំង ធ្វើទារុណកម្ម និង ជាកន្លែងសម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃបំផុត ។ គ្រប់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់នៅក្នុងវត្តសំរោងក្នុងត្រូវបានបំផ្លាញទាំងស្រុង ដោយរបបខ្មែរក្រហម ។
ក្រោយថ្ងៃរំដោះ ៧ ខែមករា ឆ្នាំ១៩៧៩ ទាំងប្រជាពលរដ្ឋ ទាំងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និង អាជ្ញាធរនាសម័យនោះ បានប្រឹងប្រែងរៀបចំវត្តសំរោងក្នុងឡើងវិញ ដើម្បីជាទីសក្ការបូជាសម្រាប់ពុទ្ធបរិស័ទ និង បានកសាងសមិទ្ធផលបន្តិច ម្ដងៗ រហូតប្រែក្លាយវត្តសំរោងក្នុង ដែលប្រឡាក់ដោយឈាមក្រហមច្រាលក្នុងរបបប៉ុល ពត ឱ្យទៅជាទីអារាមដ៏ល្បីល្បាញនៅក្នុងខេត្តបាត់ដំបង ប៉ុន្តែដោយឃើញព្រះវិហារបុរាណនេះមានសភាពទ្រុឌទ្រោមទើបមានគម្រោង ដាក់ជាបេតិកភណ្ឌជាតិ ដើម្បីទទួលបានការអភិរក្សឱ្យប្រសើរឡើងវិញ ៕
ដោយ៖សុថាត់