ទឹកធ្លាក់ទូងៗ រមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ នៅខេត្តតាកែវ
ទឹកធ្លាក់ទូងៗ រមណីយដ្ឋានថ្មីមួយ ទើបនឹងត្រូវបានរកឃើញ និង បង្កើតឡើង ក្នុងទឹកដីស្រុកគិរីវង្ស ខេត្តតាកែវ នៅទីនោះសម្បូរទៅដោយធម្មជាតិស្រស់បំព្រង រួមជាមួយទឹកធ្លាក់ដ៏ត្រជាក់ និង ព្រៃភ្នំក្រំថ្ម គួរជាទីទាក់ទាញអារម្មណ៍អ្នកទេសចរឱ្យទៅលម្ហែកាយនៅទីនោះ ។
រមណីយដ្ឋានទឹកធ្លាក់ទូងៗ មានទីតាំងនៅក្នុង ភូមិក្រសាំងពុល ឃុំតាអូរ ស្រុកគិរីវង្ស ខេត្តតាកែវ ដែលជាទឹកដីសម្បូរទៅដោយធនធានធម្មជាតិត្បូងពេជ្រមានតម្លៃ មិនចាញ់ ខេត្តប៉ៃលិន ប៉ុន្មានឡើយ ។ បើនិយាយអំពីរមណីយដ្ឋានវិញ ក៏មានច្រើនណាស់ដែរ ក្នុងនោះ រមណីយដ្ឋានទឹកធ្លាក់ទូងៗ ជារមណីយដ្ឋានធម្មជាតិថ្មីមួយ ដែលទើបនឹងត្រូវបាន រកឃើញ ហើយអ្នកទេសចរ ដែលបានចូលមក កម្សាន្តហើយតែងតែពោលសរសើរពេញចិត្តនឹងទិដ្ឋភាព ធម្មជាតិដ៏ល្អវិសេសមួយនេះ ។
រមណីយដ្ឋានទឹកធ្លាក់ទូងៗនេះស្ថិតនៅលើ ភ្នំដំរី ហើយបើគិតពីកំពូល ភ្នំមកដល់ជើងភ្នំនេះ ទឹកធ្លាក់ទូងៗមានប្រវែងប្រមាណជាង១គីឡូម៉ែត្រ។ ទឹកធ្លាក់នេះ ត្រូវបានចែកចេញជា ៣ ដំណាក់កាល គឺដំណាក់កាលទី១ ស្ថិតនៅក្រោមគេ បង្អស់ (ជើងភ្នំ) គឺប្រៀបដូចជាថ្លុក ឬស្រះត្រពាំងតូច មួយសម្រាប់ឱ្យអ្នកទេសចរងូតទឹកលេងកម្សាន្ត ។
ដំណាក់កាលទី២ គឺស្ថិតនៅចង្កេះភ្នំ ដែលមានទឹកហូរ ធ្លាក់មកប្រវែងប្រមាណ៣ម៉ែត្រ ដែលអ្នកទេសចរ ក៏អាចងូតទឹកធ្លាក់កម្សាន្តនេះបាន យ៉ាងសប្បាយ រីករាយផងដែរ ។ ដោយឡែក ដំណាក់កាលទី ៣ ពុំមានទឹកធ្លាក់នោះទេ ប៉ុន្តែ វាគឺជាជ្រលងថ្ម ដែលមាន ទឹកហូរ ក្នុងប្រវែងប្រមាណរាប់រយម៉ែត្រឯណោះ ដែលជាអំណោយផលដល់ភ្ញៀវទេសចរ ដើរកម្សាន្តតាមបណ្តោយជ្រលងភ្នំ គយគន់ទឹកហូរ ភ្ជាប់ដោយធម្មជាតិ ព្រៃព្រឹក្សាថ្មដា យ៉ាងសែនមនោរម្យ ។
ចំណែកទឹកនៅក្នុងរមណីយដ្ឋាននេះ មានសភាពត្រជាក់ល្មម ជាហេតុធ្វើឱ្យអ្នកទេសចរ ចូលចិត្តងូតបណ្តើរ គយគន់ទេសភាព ព្រៃភ្នំបណ្តើរ និង បានស្តាប់សំឡេងសត្វយំឡើងទ្រហឹងពេញព្រៃព្រឹក្សា ប្រៀបដូចជាតន្ត្រីកំពុងលេងកំដរអារម្មណ៍អ្នកមកកម្សាន្តដូច្នោះដែរ។
នៅរដូវវស្សា រមណីយដ្ឋានមួយនេះមានទឹកធ្លាក់មកច្រើនណាស់ មើលទៅឃើញបែកខ្ជាយសព្រាត ហើយនៅពេលដែលទឹកនេះហូរធ្លាក់មកប៉ះនឹងថ្ម ក៏លាន់ឮសូរទូងៗ!! ដូចគេវាយស្គរ ទើបគេឱ្យឈ្មោះថា រមណីយដ្ឋានទឹកធ្លាក់ ទូងៗ តែម្តងទៅ ប៉ុន្តែនៅរដូវប្រាំងវិញទីនេះពុំសូវមានទឹកច្រើនប៉ុន្មាឡើយ តែទីនោះ មានទេសភាពព្រៃភ្នំគួរឱ្យចង់គយគន្ធណាស់ ។
អ្នកទេសចរ ភាគច្រើនចូលចិត្តមកលេងកម្សាន្តនៅរដូវវស្សា ពិសេសរដូវបុណ្យភ្ជុំបិណ្ឌ ដោយពួកគេតែងវេចខ្ចប់មកជាមួយនូវម្ហូបចំណីគ្រប់មុខ ដោយសារតែ នៅទីនោះពុំសូវមានអ្នកលក់ដូរម្ហូបចំណីនោះទេ។
ឯយានជំនិះគ្រប់ប្រភេទមិនអាចចូលដល់រមណីយដ្ឋាននេះបានទេ ត្រូវផ្ញើទុកនៅតាមផ្ទះប្រជាពលរដ្ឋជិតៗនោះ។ កន្លងមក ធ្លាប់មានអ្នកទេសចរមកបោះតង់ដេកលេងកម្សាន្តនៅទីនោះទៀតផង ព្រោះខ្នងភ្នំនេះមានសុទ្ធតែព្រៃរបោះតូចៗ និង ថ្មរាបស្មើ ដែលមានផ្ទៃក្រឡារាប់រយ ម៉ែត្រការ៉េឯណោះ ជាហេតុបង្កការងាយស្រួលដល់អ្នកទេសចរដើរលើថ្ម ដោយគ្មានការលំបាក ៕
ដោយ៖សុថាត់