ទំនប់ទឹកឈើតោក ភ្ញៀវទេសចរទៅលេងយ៉ាងគគ្រឹកគគ្រេង
ទំនប់ទឹកឈើតោក ដែលស្ថិតនៅក្នុង ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ត្រូវបានអ្នកដែលធ្លាប់ទៅដល់ចាត់ទុកថា ជាតំបន់មួយ ដែលរក្សាបាននូវសម្រស់ធម្មជាតិពិតៗ និង មានអំណោយផលដល់វិស័យទេសចរណ៍របស់ខេត្ត ជាពិសេសនៅក្នុងរដូវវស្សាមានទឹកហូរតាមជម្រាលថ្មរាក់ៗគួរជាទីទាក់ ទាញក្រៃលែង ។
ទំនប់ទឹកឈើតោកមានទេសភាពផ្ទៃទឹកស្តុកទុកហូរធ្លាក់គួរជាទីទាក់ទាញក្នុងរដូវវស្សា ដែលប្រឹងបង្អួតសម្រស់ឡើងលាយឡំជាមួយនឹងដងព្រឹកព្រៃដុះរាយប៉ាយតាមមាត់ទំនប់ ដែលប្រឹងសណ្តូកខ្លួនយ៉ាងវែងអន្លាយ ។
ចំពោះភ្ញៀវទេសចរមិនថា តែអ្នករស់នៅក្នុងខេត្តពោធិ៍សាត់នោះទេ នៅពេលបានទៅ ដល់ទំនប់ទឹកឈើតោកហើយប្រាកដជានឹងបានឃើញនូវទិដ្ឋភាពដ៏ឆើតឆាយនៃសម្រស់ផ្ទៃទឹករាប់ម៉ឺនម៉ែត្រគុបនិង ប្រមូលផ្តុំដោយធម្មជាតិដ៏ស្រស់ត្រកាលគួរជាទីមនោរម្យបំផុតសម្រាប់ពួកគេ ។
លោក សំឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់មានប្រសាសន៍ថា នៅទំនប់ ទឹកឈើតោកជាកន្លែងមួយ ដែលមានអំណោយផលខាងធម្មជាតិ និង មានទឹក ហូរធ្លាក់ទៅស្រោចស្រពលើផ្ទៃដីកសិកម្មនៅស្រុកមួយចំនួនទៀតក្នុងខេត្តពោធិ៍សាត់ និយាយរួមនៅទំនប់ទឹកនេះអាចចាត់ទុកថា ជាឋានសួគ៌ធម្មជាតិមួយ ដែលជួយ បំបាត់នូវទុក្ខព្រួយរបស់អស់លោក អ្នក ទេសចរផងដែរ ។
បើទោះជាទំនប់ទឹកឈើតោកមិនមែនជាតំបន់ទេសចរណ៍ល្បីសម្រាប់បម្រើឱ្យការកម្សាន្តដូចនៅច្រកល្អៀងឬក៏នៅតំបន់មួយចំនួនទៀតក៏ដោយ ក៏ប៉ុន្តែទំនប់ទឹកនេះត្រូវបានអ្នក ដែលធ្លាប់មកដល់ចាត់ទុកថា ជាទីកន្លែង កម្សាន្តមួយដ៏ស្រស់បំព្រងមានខ្យល់អាកាសបរិសុទ្ធ និង មានធម្មជាតិស្អាតប្លែក ។
ការធ្វើដំណើរទៅលេងនៅទំនប់ទឹកឈើតោក លោក អ្នកត្រូវតែវេចខ្ចប់ ម្ហូបអាហារ ភេសជ្ជៈយកទៅជាមួយ ពីព្រោះនៅទីនោះមិនមានអ្នកលក់ដូរទេ ។ នៅទីនោះលោក អ្នកអាចអង្គុយញុំាអាហារជួបជុំជាមួយក្រុមគ្រួសារមិត្តភក្តិយ៉ាងឆ្ងាញ់ពិសានៅលើខ្នងទំនប់ ដែលមានដើមឈើដុះរាយប៉ាយបង្កើតបានជាម្លប់ត្រឈឹងត្រឈៃ ៕
ដោយ៖សុថាត់