ដំណើរកម្សាន្តជិះទូកគយគន់ទេសភាពធម្មជាតិតាមដងស្ទឹងតាតៃ ពិតជាសប្បាយប្លែក
ស្ទឹងតាតៃបានប្រែក្លាយទៅជាតំបន់ទេសចរណ៍មួយដ៏ល្បី សម្រាប់ទឹកដីខេត្តកោះកុង ហើយពីមួយថ្ងៃទៅមួយថ្ងៃមានភ្ញៀវទេសចរទាំងជាតិ និង អន្តរជាតិ ទៅលេងកម្សាន្តយ៉ាងច្រើនកុះករ ដែលម្នាក់ៗស្ថិតក្នុងភាពសប្បាយរីករាយក្រៃលែង ។
តំបន់ស្ទឹងតាតៃមានភាពឆើតឆាយគ្រប់រដូវកាល នៅអមសងខាងមាត់ស្ទឹងមានដើមចាកជាច្រើនដុះច្រូងច្រាងលាយឡំជាមួយដើមរុក្ខជាតិ និង ដើមកោងកាងយោលយោគទៅតាមកម្លាំងវាយោគួរជាទីជក់ចិតក្រៃលែង ។
សម្រាប់ភ្ញៀវទេសចរទៅលេងកម្សាន្តនៅដងស្ទឹងតាតៃ បន្ទាប់ពីបានជិះទូកទស្សនាសម្រស់ដងស្ទឹងនិង សម្រាកនៅតាមបឹងកាឡូដ៏ប្រណិត ដែលសង់ឡើងនៅតាមមាត់ស្ទឹងហើយនោះ យើងក៏អាច ឡើងភ្នំបន្តដំណើរទៅលេងនៅតាមកន្លែងទឹកធ្លាក់នានា ទស្សនាភូមិសហគមន៍ភូមិអ្នកនេសាទ ទស្សនាសត្វអំពិលអំពែកក្នុងពេលរាត្រីតាមព្រៃកោងកាង និង ទស្សនាកន្លែងផ្សេងៗ ជាច្រើនកន្លែងទៀត។
ស្ទឹងតាតៃមានចម្ងាយ ៥ គីឡូម៉ែត្រពីផ្លូវជាតិលេខ ៤៨ ត្រង់ចំណុចស្ពានភូមិដូង កាលដើមឡើយ នៅទីនោះពុំមានការអភិវឌ្ឍន៍អ្វីទេ ពោលគឺទើបតែនៅឆ្នាំ ២០០៩ ក្រុមហ៊ុន Indochine Lodges LTDដែលមានម្ចាស់ជនជាតិរ៉ូម៉ានីទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលក្នុងដំណាក់កាលដំបូង រយៈពេល ១០ ឆ្នាំ ដោយបានសង់បឹងកាឡូប្រណីតៗបណ្តែតទឹកតាមកែងនៃដងស្ទឺងតាតៃដើម្បីបម្រើឱ្យវិស័យទេសចរណ៍។
តាំងពីពេលនោះមក គេសង្កេតឃើញថា ភ្ញៀវទេសចរក៏ចាប់ផ្តើម មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសម្រស់ ដងស្ទឹងតាតៃ ហើយក្នុងមួយឆ្នាំៗមានភ្ញៀទេសចរក្នុងស្រុក និង ក្រៅស្រុក ប្រមាណជាង ១០ ម៉ឺននាក់បានទៅទស្សនាធម្មជាតិ និង ជិះទូកលេងកម្សាន្ត នៅតាមដងស្ទឹងតាតៃនោះ ។
នៅស្ទឹងតាតៃត្រូវបានភ្ញៀវទេសចរជាតិ និង អន្តរជាតិ ដាក់ឈ្មោះឱ្យថា ជាតំបន់ឋានសួគ៌ធម្មជាតិ ដែលបានទៅដល់ហើយ មិនចង់ត្រឡប់មកវិញឡើយ ហើយម្នាក់ៗក៏មិនភ្លេចនោះឡើយនូវការថតផ្តិតយកទេសភាពព្រៃត្រូពិចនៅតាមដងស្ទឹងតាតៃទុកជាអនុស្សាវរីយ៍ និង ជិះទូកគយគន់សម្រស់ទេសភាពតាមដងស្ទឹងតាតៃយ៉ាងសប្បាយរីករាយក្រៃលែង ៕
ដោយ៖សុថាត់