វត្តក្តុល ក្រុងបាត់ដំបងមានប្រវត្តិបែបនេះផង !
វត្តក្តុល ជាវត្ត បុរាណមួយក្នុងចំណោមវត្តបុរាណជាច្រើន ដែលមាននៅលើទឹកដីខេត្តបាត់ដំបង ។ វត្តក្តុល មានឈ្មោះពិតនៅលើក្លោងទ្វារដាក់ថា វត្តប្រាប្បច្ចាមិត្ត ។ បើតាមឯកសាររបស់ព្រឹទ្ធាចារ្យ តូច ឈួង បានសរសេរថា វត្តនេះមានឈ្មោះថា វត្តប្រាប្បច្ចាមិត្ត ប្រែឱ្យចំន័យទៅគឺ វត្ត បង្រ្កាបសត្រូវ តើនរណាជាសត្រូវ ដែលត្រូវបង្រ្កាប? ។
វត្តប្រាប្បច្ចាមិត្ត ឬ វត្តក្តុល គឺជាវត្តបុរាណដ៏ចំណាស់ និង សក្តិសិទ្ធិមួយ ក្នុងចំណោមវត្តនានាក្នុងក្រុងបាត់ដំបង វត្តនេះពីមុន ជាទីតាំងបន្ទាយរបស់ ចៅពញាបឌិន។ អាចថា ក្រោយពេលចៅពញា បឌិន ធ្វើមរណកាលទៅ កូនចៅរបស់គាត់ បានឧទ្ទិសដីទីតាំងបន្ទាយរបស់គាត់នេះ ថ្វាយចំពោះព្រះពុទ្ធសាសនា ដោយបានកសាងទីអារាមវត្តក្តុល ឬ វត្តប្រាប្បច្ចាមិត្ត នេះឡើងតែម្តង ។
តាមឯកសាររបស់លោក តូច ឈួង ដដែលបានអះអាងថាៈ ចៅពញាបឌិន ឬលោកចៅឃុន នេះ មានឋានៈជា ចៅពញាបតិន្ទ្រតេជោ គឺជាមេទ័ពធំរបស់សៀម ដែលស្តេចសៀម បានចាត់ឱ្យមករៀបចំក្រុងបាត់ដំបង ដើម្បីទប់ទល់នឹងកងទ័ពអាណ្ណាមជាយថាហេតុក្នុងរវាងឆ្នាំ១៨៣៨ ។ ក្នុងការរៀបចំក្រុងបាត់ដំបងនេះ មេទ័ពធំ ឬ ចៅពញាបឌិន បានដឹកនាំកសាងបន្ទាយប្រាការមួយធ្វើអំពីឥដ្ឋបូកបាយអរ ដែលមានបណ្តោយប្រវែង ៧២០ម៉ែត្រ ទទឹង ៤៨០ម៉ែត្រ កម្ពស់ ២ម៉ែត្រកន្លះ និង កម្រាស់៨តឹក ។
កំពែង ឬកំផែងនេះមានរាងចតុកោណកែង ដែលបរិវេណនៃជ្រុងខាងជើង គឺនៅចំផ្លូវភ្លោះជាប់មន្ទីរប្រៃសណីយ៍សព្វថ្ងៃ ជ្រុងខាងកើតនៅចំតាមបណ្តោយផ្លូវលេខ១ មុខសាលាខេត្តសព្វថ្ងៃ ជ្រុងខាងត្បូងនៅត្រឹមអតីតរោងចក្រអារឈើ ហូតុងហាន់ និង ជ្រុងខាងលិចស្របតាមខាងក្រោយវត្តកំផែងសព្វថ្ងៃ ។ នៅក្នុងកំផែងបន្ទាយប្រាការនេះ ចៅពញាបឌិន បានបំពាក់កាំភ្លើងធំចំនួនប្រមាណជា ១០០ ដើម ដែលនាំចូលមកពីប្រទេសអង់គ្លេស ក្នុងរវាងឆ្នាំ ១៨៣៧ ។ បច្ចុប្បន្នកាំភ្លើងធំនេះ ឃើញមានសល់ដាក់តាំងនៅខាងមុខសាលាខេត្តសព្វថ្ងៃ។
ទីអារាមវត្តក្តុលនេះ មានទីធ្លាធំទូលាយនៅខាងមុខព្រះវិហារ និង មិនមានសាលាសម្រាប់សិស្សតូចធំរៀនឡើយ នៅជិតតួព្រះវិហារប៉ែកខាងកើត មានចេតិយម្ខាងមួយនៅអមសងខាង ។ ឯនៅខាងលិចព្រះវិហារប៉ែកខាងត្បូង មានចេតិយចំណាស់មួយ មានរូបរាងខុសប្លែកពីចេតិយនានា ដែលគេកម្របានឃើញ នៅជាប់ខាងត្បូងចេតិយចាស់ខុសប្លែកគេនេះ មានកុដិព្រះសង្ឃដ៏ចំណាស់មួយផងដែរ។ ចំណែកនៅខាងលិចព្រះវិហារប៉ែកខាងជើងវិញ មានសំណង់ចាស់បាក់បែកមួយ មានរាងជារង្វង់មូល ឬ បញ្ចកោណ (៦ជ្រុង) មិនដឹងថា ជាអតីតសំណង់អ្វីដែរទេ។
កុដិព្រះសង្ឃនាពេលបច្ចុប្បន្ន ឃើញមាននៅជាប់ខាងជើងសំណង់បញ្ចកោណបែកបាក់នេះ ឡើងរហូតទៅខាងជើងព្រះវិហារ។ នៅចំខាងជើងព្រះវិហារ មានស្រះទឹកតូចមួយ ។ រីឯសាលាធម្មសភាវិញ បានសង់នៅទីធ្លាខាងមុខព្រះវិហារ ប៉ែកខាងជើង ៕
ដោយ៖សុថាត់