ប្រាសាទបន្តាយក្តី ធ្វើឱ្យភ្ញៀវទេសចរចាប់អារម្មណ៍ខ្លាំង !
ប្រាសាទបន្ទាយក្តីក៏ជាប្រាសាទមួយ ដែលមានក្បាច់រចនាដ៏វិចិត្រមិនចាញ់ប្រាសាទល្បីៗធំៗដទៃទៀតឡើយ ហើយប្រាសាទនេះទទួលបានការចាប់អារម្មណ៍ ពីសំណាក់ ភ្ញៀវទេសចរដែលបានមកទស្សនានៅតំបន់ប្រាសាទអង្គរ ។ ជារៀងរាល់ថ្ងៃមានភ្ញៀវទេសចរទៅទស្សនានៅប្រាសាទបន្ទាយក្តីយ៉ាងច្រើនឥតដាច់ ដែលភ្ញៀវទេសចរ មួយចំនួនបានកោតសរសើរនូវក្បាច់រចនាយ៉ាងរស់រវើករបស់ប្រាសាទនេះ ។
ប្រាសាទបន្ទាយក្តីជាប្រាសាទមួយ ដែលកសាងឡើងដោយព្រះបាទជ័យវរ្ម័ទី ៧ ហើយបច្ចុប្បន្ននេះមានសភាពទ្រុឌទ្រោម ប៉ុន្តែគេនៅតែកត់សម្គាល់ឃើញថា ជាទីកន្លែងមួយដ៏មានភាពទាក់ទាញ ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ដែលបានចូលមកទស្សនាតែងតែលាន់មាត់ កោតសសើរពីស្នាដៃរបស់បុព្វបុរសខ្មែរជំនាន់ដើម ។ តាមឯកសាររបស់មន្ទីរទេសចរណ៍បានបង្ហាញថា ប្រាសាទបន្ទាយក្តីនេះ មានទីតាំងស្ថិតនៅក្នុងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប ដែលមានចម្ងាយ១១ គីឡូម៉ែត្រពីទីប្រជុំជនក្រុងសៀម រាប និង ស្ថិតនៅជាប់នឹងប្រាសាទតាព្រហ្ម ជ្រុងអាគ្នេយ៍ បើធ្វើដំណើរតាមផ្លូវខាងកើតអង្គរវត្ត ត្រូវកាត់តាមប្រាសាទក្រវ៉ាន់ ។
ហើយនៅក្នុងតួប៉មប្រាសាទចំនួន១២ មានកំពូល១២ និង កំផែង១គីឡូម៉ែត្រ ព្រមទាំងមានកន្លែងសក្ការៈបូជាជាច្រើនទៀតផង។ ប្រាសាទបន្ទាយក្តី កសាងឡើងមុនគេបង្អស់ក្នុងចំណោមប្រាសាទដទៃទៀត ដោយព្រះបាទជ័យ វរ្ម័ទី៧នៅអំឡុងឆ្នាំ ១១៨០ ក្នុងសតវត្សរ៍ទី ១២ ដើមសតវត្សរ៍ទី ១៣ ហើយប្រាសាទនេះកសាងឡើងដើម្បីឧទិសដល់ពុទ្ធសាសនាមហាយាន ។ ប្រាសាទបន្ទាយក្តីសាងឡើងអំពីថ្មបាយក្រៀម និង ថ្មភក់រចនាបថតាមបែប បាយ័ន តាព្រហ្ម ព្រះខ័ន ក្រោលគោ ជាដើម ។
នារជ្ជកាលនោះ ព្រះបាទជ័យវរ្ម័ទី ៧ ព្រះអង្គបានកសាងឡើងដើម្បីឧទិសដល់ព្រះរាជគ្រូរបស់ព្រះអង្គ ជាក់ស្តែង មានដូចជាក្លោងទ្វារ ចំនួន៤ ដែលតំណាងឱ្យព្រហ្មវិហាធម៌ទាំង ៤ នោះ ។ ប្រាសាទបន្ទាយក្តីមានសណ្ឋានស្រដៀងនឹងប្រាសាទតាព្រហ្ម និង ប្រាសាទព្រះខ័នដែរ ប៉ុន្តែមានទំហំតូចជាង ។ គោបុរៈទាំង៤កន្លែងមានព្រះភ័ក្ត្ររបស់ព្រះអលោកិតេស្វរៈ បែរព្រះភ័ក្ត្រទៅកាន់ទិស ដូចប្រាសាទបាយ័នដែរ ដោយ មានកំពែងព័ទ្ធជុំវិញ និង មានក្រឡាផ្ទៃ ៨០០គុណ៤០០ ម៉ែត្រ ។ ប្រាសាទ បន្ទាយក្តីត្រូវបានគេចាត់ចូល ជាវត្ត ខាងព្រះពុទ្ធសាសនា ដែលមានព័ន្ធជុំវិញដោយស្រះទឹក ។
មុននឹងទៅដល់ប្រាង្គប្រាសាទមេនឹងមានព្រះវិហាររបស់ព្រាហ្មសម្រាប់ធ្វើពិធី ខាងសាសនាបន្ទាប់មកទៀតជាគោបុរៈ ផ្នែកខាងក្នុងនាំទៅកាន់ប្រាង្គមេ និង ប្រាង្គបរិវារ ទាំង៤ ។ ទិសមានរោងទងទិសខាងជើងត្បូងនៅត្រង់មុខប្រាង្គមេដូចនឹងប្រាសាទ ដែល កសាងក្នុងរចនាបថបាយ័នដែរ រូបនាងទេពអប្សរកំពុងរាំពត់ពែនយ៉ាងស្រស់ស្អាត នៅប្រាង្គ មេមានតម្កល់ព្រះពុទ្ធរូបកំពុងសមាធិ ៕
ដោយ៖សុថាត់