ឃើញទេសភាពស្រស់ស្អាតបែបនេះ ចង់ទៅលេងភ្លាម !
សហគមន៍ទេសចរណ៍ ឃុំកំពង់ឃ្លាំង មានទីតាំងស្ថិតនៅភាគខាងជើងនៃទន្លេសាប មានចម្ងាយ ៥៥ គីឡូម៉ែត្រ ពីក្រុងសៀមរាប នៅទីនោះជាកន្លែងដែលមានការចាប់អារម្មណ៍ផ្នែកទេសចរណ៍ធម្មជាតិពីសំណាក់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ។ មួយរយៈចុងក្រោយនេះ ឃុំកំពុងឃ្លាំង បានកែប្រែមុខមាត់របស់ខ្លួនគួរជាទីទាក់ទាញ ។
ប្រជាជននៅសហគមន៍កំពង់ឃ្លាំងប្រកបអាជីពជាអ្នកនេសាទទាំងនៅរដូវវស្សា និង រដូវប្រាំង ចំណែកការដាំដុះត្រូវបានប្រកបនៅរដូវប្រាំង ។ ឃុំកំពង់ឃ្លាំង ស្ថិតនៅក្នុងស្រុងសូទ្រនិគម ខេត្តសៀមរាប បែងចែកជាចំនួន ១០ ភូមិ ដូចជា ភូមិព្រែកស្រមោច ដូនត្ដី ស្ពានវែង ត្អួរសរ ផ្សារកំពង់ឃ្លាំងក្រោម ផ្សារកំពង់ឃ្លាំងលើ ភូមិរទាំង ចំការយួន ទូលតាចេត្រ និង ភូមិចុងស្រុក ។
សហគមន៍កំពង់ឃ្លាំងជាកន្លែងទេសចរណ៍ធម្មជាតិដ៏សំខាន់ មិនចាញ់កំពង់ភ្លុក និង រមណីយដ្ឋានបុរាណផ្សេង ៗនៅក្នុងទឹកដីខេត្តសៀមរាបឡើយ ។ អ្នកទេសចរជាតិ និង អន្ដរជាតិ ដែលទៅកម្សាន្តនៅទីនោះ អាចស្វែងយល់អំពី ការរស់នៅរបស់ប្រជាជននៅទីនោះ ដែលមានផ្ទះតូចធំនៅតាមមាត់ទឹក ឬ ផ្ទះ បណ្ដែតទឹក ។
ប្រជាជននៅទីនោះភាគច្រើន ប្រកបរបរនេសាទត្រីក្នុងរដូវវស្សា និង រដូវប្រាំងផងដែរ ចំណែកការដាំដុះដំណាំដូចជាសណ្ដែក ពោត ល្ង ត្រសក់ ត្រឡាច ល្ពៅជាដើម ត្រូវបានដាំក្នុងរដូវទឹកទន្លេស្រក ។
ជាមួយគ្នានេះ អ្នកទេសចរអាចគយគន់មើលនូវផ្ទាំងទស្សនីយភាពសំខាន់ ៗ ដូចជា សំណង់នៃផ្ទះបណ្តែតទឹក ការប្រកបអាជីពរបស់ប្រជាជនតាមដងទន្លេ ដោយប្រើទូក កាណូត ។ មិនត្រឹមតែប៉ុណ្ណោះ អាចទស្សនាព្រៃព្រឹក្សា និងសត្វទឹកផងដែរ។ការយល់ដឹងអំពីជីវិតតាមដងទន្លេសាប ជាផ្នែកមួយ ដ៏សំខាន់ដែលមិនអាចរំលងបាន ហើយអាចប្រើឧបករណ៍ថតយកផ្ទាំងទស្សនីយភាពទាំងនោះដើម្បីទុកជាអនុស្សាវរីយ ។
ក្រៅពីនេះអ្នកទេសចរបានចូលរួមចំណែកនៃការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជននៅទីនោះ ដោយការទិញវត្ថុអនុស្សាវរីយ៍ របស់ហូបចុក និង ចូលរួមបរិច្ចាគដើម្បីឧបត្ថម្ភសាលារៀនបណ្ដែតទឹកនៅទីនោះ ៕
ដោយ៖សុថាត់ (រូបថតៈTot Seyla Nicee និង facebook)