អន្លង់ព្រីង តំបន់ទេសចរណ៍សត្វក្រៀល ដ៏ទាក់ទាញនៅខេត្តកំពត
ក្រៅពីតំបន់ឆ្នេរ ដងព្រែកកំពត ដែលកំពុងទាក់ទាញភ្ញៀវទេសចរនោះ ខេត្តកំពតក៏មានរមណីយដ្ឋាន ដ៏ទាក់ទាញមួយទៀត ដែលភ្ញៀវទេសចរទៅលេងខេត្តកំពត ច្រើនតែមើលរំលង ទីនោះគឺជា តំបន់ អភិរក្សសត្វ ក្រៀល បឹង អន្លង់ព្រីង ។
បើយើងចង់ធ្វើដំណើរទៅទស្សនា សត្វក្រៀលនៅតំបន់អភិរក្ស អន្លង់ព្រីង យើងគ្រាន់តែចេញពីទីប្រជុំជន ស្រុកកំពង់ត្រាច ទៅទិសខាងត្បូងប្រមាណជាង ១១ គីឡូម៉ែត្រនោះ យើងនឹងបានឃើញផ្ទៃទឹក យ៉ាងល្ហល្ហេវ និង បានរំលេចទៅដោយហ្វូងសត្វ ក្រៀល និង សត្វស្លាបជាច្រើនប្រភេទទៀត យ៉ាង ច្រើន ដែលកំពុងហើរ រកចំណី យ៉ាងសុខសាន្ត ។
តំបន់ អភិរក្សសត្វ ក្រៀល បឹង អន្លង់ព្រីង ស្ថិតនៅស្រុកកំពង់ត្រាចនេះ ត្រូវបានរដ្ឋាភិបាលដាក់ឱ្យ ទៅជាតំបន់ អភិរក្សចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០១០ មកម្ល៉េះ ។ តំបន់អភិរក្សសត្វក្រៀលនេះ ស្ថិតនៅបឹង អន្លង់ព្រីង ក្នុងឃុំបឹងសាលា ខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ពេលនេះកំពុងធ្វើឱ្យភ្ញៀវជាតិ និង ភ្ញៀវអន្តរជាតិ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ។ ដោយសារតែ តំបន់បឹងនេះ មានផ្ទៃល្ហល្ហេវ ដាច់កន្ទុយភ្នែក ដែលសម្បូរទៅដោយ សត្វស្លាបជាច្រើនប្រភេទ ពិសេសសត្វ ក្រៀល ដែល ជិតផុតពូជលើលោកទៅហើយនោះ តែពួកវា បានចុះ រកចំណីយ៉ាងច្រើននៅក្នុងបឹងនេះយ៉ាងសុខសាន្ត ។
នៅរដូវប្រាំង តំបន់អភិរក្ស សត្វក្រៀល អន្លង់ព្រីង នេះ គឺជាកន្លែង ដ៏សំខាន់មួយ ដែលសត្វ ក្រៀលឆ្លងកាត់ ទៅមក ពីប្រទេសវៀតណាម មករកចំណីនៅទីនេះ ព្រោះ តំបន់អភិរក្ស សត្វក្រៀល អន្លង់ព្រីងនេះ ជាតំបន់មួយ ដែលស្ថិត នៅជាប់បន្ទាត់ព្រំដែនប្រទេសវៀតណាម ។ សត្វក្រៀលគឺជាប្រភេទសត្វដែល ត្រូវបានគេ កត់ត្រាក្នុងសៀវភៅ ក្រហម ពិភពលោកថា ជាសត្វដ៏កម្រ និង ជិតផុតពូជ នៅ លើភពផែនដីទៅហើយ ៕
ដោយ ៖សុថាត់