ទេសភាព ពេលព្រឹកព្រលឹមនៅខេត្តមណ្ឌលគិរី ពិតជាស្រស់ស្អាតខ្លាំងណាស់
លោក អ្នកពិតជាកម្របានឃើញទិដ្ឋភាពដ៏អស្ចារ្យបែបនេះ នៅលើទឹកដីប្រទេសកម្ពុជាយើងណាស់ ប៉ុន្តែបើលោក អ្នកធ្វើដំណើរទៅទស្សនា កម្សាន្ត នៅលើទឹកដីខេត្តមណ្ឌលគិរី នាពេលនេះ លោក អ្នកនឹងបានឃើញនូវសម្រស់ទេសភាពធម្មជាតិដ៏ស្រស់បំព្រង ដែលលោក អ្នកពុំធ្លាប់បានឃើញពីមុនមក មើលទៅពិតជាស្រស់ស្អាតក្រៃលែង ។
ទីនោះជាទឹកដី ដែលគ្របដណ្ដប់ទៅដោយធម្មជាតិដ៏ស្រស់ត្រកាល មានភ្នំខ្ពស់ ទាប តូច ធំ ជ្រោះជ្រងជ្រលងដងអូរ និង អាកាសធាតុដ៏ត្រជាក់ស្ទើរគ្រប់រដូវកាល បានធ្វើឱ្យខេត្តភូមិភាគឥសាន្តមួយនេះ ហាក់បីដូចជាកំពុងរងចាំទទួល ភ្ញៀវទេសចរ ដែលមកកម្សាន្តនៅខេត្តមានធនធានធម្មជាតិគ្មានពីរនេះ។
អ្វីដែលកាន់តែពិសេសទៅទៀតនោះ ផ្លូវបត់បែនដ៏វែងអន្លាយ កាច់កុងប្រៀបដូចជាអន្ទង់អាំង ពុះជ្រែកកាត់ព្រៃព្រឹក្សា កាន់តែធ្វើឱ្យទឹកដីនេះមានសម្រស់ដ៏ស្រស់ត្រកាលទ្វេឡើងថែមទៀត ៕
ដោយ៖សុថាត់