ទឹកធ្លាក់៩ជាន់ នៅខេត្តកំពតមានទេសភាពស្រស់ស្អាត់អស់ទាស់ !
កន្លងមក ភ្ញៀវទេសចរ ដែលចង់ទៅទស្សនាទឹកធ្លាក់ដ៏ស្រស់ស្អាត តែងតែគិតថា មានតែនៅក្នុងភូមិភាគឥសាន្តនោះទេ ។ ដោយឡែក នៅពេលនេះយើងសូមនាំលោកអ្នក ទៅកាន់តំបន់ទឹកធ្លាក់មួយកន្លែង ដែលស្ថិតនៅទឹកដី ខេត្តកំពត ដែលមានសម្រស់មិនចាញ់ទឹកធ្លាក់នានា នៅតាមបណ្តាខេត្តភូមិភាគឦសានឡើយគឺ «ទឹកធ្លាក់៩ជាន់»។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពតបានឱ្យដឹងថា ទឹកធ្លាក់ ៩ ជាន់ ស្ថិតនៅក្នុងទឹកដី ភូមិអន្លង់ក្មេងលេង ឃុំតេជោអភិវឌ្ឍ ស្រុកឈូក ខេត្តកំពត ជាប់នឹងព្រំប្រទល់ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ដោយភ្ញៀវទេសចរទាំងឡាយអាចធ្វើដំណើរ ទៅកាន់ទីនោះបាន តាមផ្លូវជាតិលេខ៤លុះដល់ចំណុចត្រង់ចន្លោះគីឡូម៉ែត្រលេខ ៩៩ និង ១០០ ត្រូវបត់ឆ្វេងតាមខ្លោងទ្វារចូលតំបន់តេជោអភិវឌ្ឍ ឬតំបន់យោធិនក្នុងទឹកដីតាកែនកោះស្លា ។
ស្ថិតក្រោមបរិយាកាសដ៏សែនមនោរម្យ ដែលប្រមូលផ្តុំដោយធម្មជាតិស្រស់បំព្រងនោះ នៅទឹកធ្លាក់ ៩ជាន់នេះ ពីមួយថ្ងៃទៅមួយថ្ងៃតែងតែមានអ្នកទេសចរជាក្រុមៗមានទាំងជនបរទេសផងដែរ បានទៅលេងកម្សាន្តស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ ការគយគន់មើល ទឹកធ្លាក់បណ្តែតអារម្មណ៍ និងការជួបជុំគ្នាញុំាអាហារនៅក្រោមម្លប់ឈើយ៉ាងត្រជាក់កាយ ។
បច្ចុប្បន្នទឹកធ្លាក់៩ជាន់ បាន និង កំពុងតែមានសក្តានុពលយ៉ាងខ្លាំង នឹង ត្រូវបានគេចាត់បញ្ចូលជាចំណុចស្នូលសម្រាប់វិស័យទេសចរណ៍របស់ ខេត្តកំពតផងដែរ ដែលអាចទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និង អន្តរជាតិមកពីគ្រប់មជ្ឈដ្ឋាន ។
នៅតំបន់ទឹកធ្លាក់ ៩ ជាន់ យើងក៏ឃើញមានទេសភាពប្លែកៗជាច្រើនកន្លែង ដែលធ្វើឱ្យអារម្មណ៍ របស់អ្នកទេសចរមានភាពស្រស់ស្រាយសប្បាយជាមួយនឹងខ្យល់អាកាសត្រជាក់បរិសុទ្ធមានទឹកធ្លាក់ជាដំណាក់ៗកាត់ពីលើផ្ទាំងថ្មដាតូចធំគួរជាទីជាប់ចិត្តប្រតិព័ទ្ធ ។
សម្រស់ទេសភាពធម្មជាតិទឹកធ្លាក់ ៩ ជាន់មានភាពអស្ចារ្យខ្លាំងណាស់គឺខុសប្លែកពីតំបន់រមណីយដ្ឋានទឹកធ្លាក់ផ្សេងៗ ព្រោះនៅទីនោះមានជ្រលងភ្នំខ្ពស់ទាប មានព្រៃព្រឹក្សា វល្លិឈើព្រៃធ្លាក់ និង ទោរទន់មានទឹកហូរ ធ្លាក់តាមបណ្តោយកម្រាលថ្មដាថ្លាដូចកញ្ចក់ ។
មិនមានអ្វីដែលជាភាពលំបាកសម្រាប់ ភ្ញៀវទេសចរក្នុងការជ្រើសរើសយកដំណើរកម្សាន្តមកកាន់ទឹកធ្លាក់៩ជាន់នោះឡើយពីព្រោះរមណីយដ្ឋានធម្មជាតិមួយនេះមានផ្លូវងាយស្រួលធ្វើដំណើរមានកន្លែងសម្រាប់ជួលឱ្យអ្នកទេសចរអង្គុយលេងមានលក់ ម្ហូបអាហារក៏ដូចជាផ្លែឈើព្រៃដែលដាំដោយអ្នកស្រុកនៅតំបន់នោះយ៉ាងសម្បូរបែប ហើយភ្ញៀវទេសចរទាំងអស់ ក៏អាចវេចខ្ចប់យកម្ហូបចំណីពីផ្ទះទៅអង្គុយញុំាជួបជុំក្រុមគ្រួសារ មិត្តភក្តិ នៅក្រោមដើមឈើបាន ផងដែរ ៕
ដោយ៖សុថាត់