បើបានវិចបាយកញ្ចប់ទៅញ៉ាំនៅមុខទឹកធ្លាក់ភ្នំត្បែងមិនដឹងជាឆ្ងាញ់ និង សប្បាយយ៉ាងណាទេ !
នៅពេលនេះ ផ្លូវធ្វើដំណើរទៅកាន់តំបន់ភ្នំត្បែងមានជ័យ ដែលមាន វត្តបុរាណ និង សម្រស់ធម្មជាតិ ពិសេស ទឹកធ្លាក់ ភ្នំត្បែងនោះ លែងចោទជាបញ្ហាទៀតហើយ ដោយភ្ញៀវទេសចរអាចទៅលេងកម្សាន្តនៅតំបន់នោះយ៉ាងសប្បាយរីករាយ។ ហើយភ្ញៀវទេសចរ ដែលបានទៅលេងទឹកធ្លាក់ភ្នំត្បែងនោះ បាននាំគ្នាវិចបាយកញ្ចប់យកទៅញ្ញ៉ាំនៅខាងមុខទឹកធ្លាក់នោះយ៉ាងឆ្ងាញ់ពិសារថែមទៀត ។
ទឹកធ្លាក់តាម៉ា ភ្នំត្បែង ដែលមានចម្ងាយប្រមាណជា ៤ គីឡូម៉ែត្រពីវត្តដំបូកខ្មៅ នៃភ្នំត្បែងមានជ័យប៉ុណ្ណោះ ។ តំបន់នោះ គឺជាតំបន់ធម្មជាតិដ៏ស្រស់ស្អាត ដែលមានទឹកធ្លាក់ ព្រៃធម្មជាតិធំល្វឹងល្វើយ និង សត្វព្រៃ រួមទាំង ជាតំបន់ប្រវត្តិសាស្ត្រ ដែលព្រះរាជាខ្មែរកាលពីសម័យបូរាណបានធ្វើពិធីផ្សេងៗ ។
ដើម្បីធ្វើដំណើរទៅកម្សាន្តនៅទីនោះ លោកអ្នកត្រូវធ្វើដំណើរទៅកាន់ភ្នំត្បែងជាមុនសិន ហើយអាច បន្តដំណើរប្រហែលជា ៤ គីឡូម៉ែត្រទៀតនោះ ពិតជាបានឃើញនូវសម្រស់ធម្មជាតិ គួរឱ្យភ្ញាក់ផ្អើលមួយ ដែលគេពុំធ្លាប់ឃើញពីមុនមក ។
នៅតាមផ្លូវធ្វើដំណើរលោកអ្នកពិតជាបានឃើញ ផ្ទៃដីធម្មជាតិប្រមាណជាង ២៥ ០០០ ហិកតា ដែលគ្របដណ្តប់នៅតំបន់ភ្នំត្បែង ព្រមជាមួយសម្រស់ធម្មជាតិស្អាតដាច់គេ មានទឹកធ្លាក់ បីដំណាក់កាល រូងសត្វប្រជៀវភ្នំត្បែង ព្រមទាំងទីតាំងសក្ការថ្មបីដុំ ដែលភ្ញៀវទេសចរទៅដល់ទីនោះ តែងតែនាំគ្នាទៅគោរពសក្ការ ៕
ដោយ៖សុថាត់ រូបថត (Tot Seyla Nicee និង Meng Civil )