នៅរដូវវស្សា ទេសភាពនៅល្បាក់កំរោញមានភាពទាក់ទាញខ្លាំង តែមិនសូវមានអ្នកទេសចរទៅដល់
រមណីយដ្ឋានល្បាក់កំរោញ នៅរដូវវស្សាពិតជាមានទេសភាពទាក់ទាញខ្លាំងណាស់ ដោយមានខ្សែ ទឹកហូរក្រោមម្លប់ឈើធំៗ បង្កើតបានជាបរិយាកាសដ៏ត្រជាក់រហឹមគួរជាទីគយគន់ ។
បើធ្វើដំណើរ ទៅរមណីយដ្ឋានល្បាក់កំរោញនេះ ត្រូវធ្វើដំណើរលើផ្លូវជាតិ ៥៥ ដោយចេញពីក្រុងពោធិ៍សាត់ ដល់ឃុំថ្មដាជាប់ព្រំប្រទល់ខេត្ដត្រាត ប្រទេសថៃ ប្រវែងជាង ១៨០ គីឡូម៉ែត្រ ពេលធ្វើដំណើរបានចម្ងាយប្រមាណជា ៥៥ គីឡូម៉ែត្រ ពីក្រុងពោធិ៍សាត់នោះ ភ្ញៀវទេសចរនឹងបានឃើញស្លាកសញ្ញាមួយនៅខាងឆ្វេង ដែលចង្អុលបង្ហាញពីគោលដៅរមណីយដ្ឋានល្បាក់កំរោញ កំពុងរង់ចាំវត្ដមានរបស់ភ្ញៀវទេសចរចូលកម្សាន្ត ។
រមណីយដ្ឋានល្បាក់កំរោញស្ថិតក្នុង ភូមិអង្ក្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រំលេចនូវភាពស្រស់បំព្រងនៃព្រៃឫស្សីតូចៗ ដែលដុះទេរត្របាញ់ចូលគ្នា បង្កើតបានជាដំបូលឫស្សីដ៏ត្រជាក់ សម្រាប់ការអង្គុយលម្ហែមុនពេលដើរចុះមាត់ទឹក។
បន្ទាប់ពីទៅកម្សាន្តលេង នៅរមណីយដ្ឋានល្បាក់កំរោញ ភ្ញៀវទេសចរទាំងឡាយ កុំភ្លេចបង្ហួសទៅទស្សនាចម្ការក្រូចពោធិ៍សាត់របស់អ្នកខេត្តពោធិ៍សាត់ពិតៗ និង ភ្លក់រសជាតិក្រូចរបស់អ្នកស្រុកនៅទីនោះ ដែលមានរសជាតិយ៉ាងឆ្ងាញ់ពិសារ៕
ដោយ៖សុថាត់