ទេសចរណ៍រទេះគោ នៅខេត្តសៀមរាប មើលទៅពិតជាប្លែកអារម្មណ៍ក្រៃលែង
ក្រៅពីទស្សនាប្រាង្គប្រាសាទបុរាណ ភ្ញៀវទេសចរ ដែលបានទៅដល់ទឹកដីខេត្តសៀមរាប បានជាប់ចិត្តនឹងការជិះរទេះគោមើលសម្រស់ធម្មជាតិស្រុក ស្រែ និង ប្រពៃណីទំនៀមទម្លាប់របស់ពលរដ្ឋ ក្នុងខេត្តសៀមរាប ដែលនេះជាការទាក់ទាញអារម្មណ៍មួយទៀត សម្រាប់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ។
ក្នុងមួយថ្ងៃៗមានភ្ញៀវទេសចរបរទេស ប្រមាណពី ៧ ទៅ ២០ នាក់បាននំាគ្នាមកជិះរទេះគោរបស់អ្នកភូមិក្នុងសហគមន៍ទេសចរណ៍ធម្មជាតិ ក្នុង ភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានចម្ងាយ ៧ គីឡូម៉ែត្រពីផ្សារចាស់ប៉ុណ្ណោះ ។ នៅពេលជិះរទេះគោទស្សនានោះ ភ្ញៀវទេសចរ គ្រាន់តែចំណាយប្រាក់ចំនួន ៣២ ដុល្លារ ក្នុងរយៈពេលតែ ២ ម៉ោង នោះនឹងបានឃើញនូវ ភាពទាក់ទាញ់នៅក្នុងតំបន់នេះ មានសម្រស់ ធម្មជាតិ វាលស្រូវដើមត្នោត ព្រៃឈើសហគមន៍ ព្រៃ ភ្នំ ភូមិដ្ឋាន សហគមន៍ និង ប្រពៃណីទំនៀមទម្លាប់របស់អ្នកភូមិព្រមទាំងមានល្បែងកម្សាន្តជាច្រើនទៀត ។
ទាំងនេះគឺជាអេកូទេសចរណ៍មួយ ដែលភ្ញៀវទេសចរជាតិ និង អន្តរជាតិ កំពុងចាប់អារម្មណ៍ ឬ មួយក៏ភ្ញៀវអាចស្នាក់នៅតំបន់នោះមួយរយៈក៏បាន ព្រោះសហគមន៍បានរៀបចំឱ្យមានហូមស្តេយ៍ និង ម្ហូបអាហារដែលចម្អិន ពីបន្លែ ត្រី សាច់ស្រស់ៗរបស់អ្នកភូមិ គ្មានជាតិគីមីគួរឱ្យឆ្ងាញ់ពិសាផងដែរ ៕
ដោយ៖សុថាត់ (រូបថត Phanith Oxcart)