កន្លែងថ្មី «វាលចម្បាំងខេមសាយ» នៅបាត់ដំបង ទៅជិះម៉ូតូកង់បួន គេងផ្ទះចាបមើលព្រៃភ្នំ ទំនងណាស់!
បាត់ដំបង ជាខេត្តមួយមានសក្តានុពលទេសចរជាច្រើនអនែក និង កន្លែងកម្សាន្តល្បីៗមិនចាញ់ខេត្តដទៃឡើយ រួមមានទាំងតំបន់ទេសចរធម្មជាតិ និង កែច្នៃដ៏សម្បូរបែប ដែលជាមេដែកទាក់ទាញភ្ញៀវទេសចរឱ្យចង់ចូលទស្សនា។
ជាមួយគ្នានេះដែរ ថ្មីៗមហាជននៅក្នុងបណ្តាញសង្គមកំពុងផ្ទុះការចាប់អារម្មណ៍ទៅនឹងតំបន់ទេសចរធម្មជាតិបែបដំណើរផ្សងព្រេងមួយកន្លែងមានឈ្មោះ «វាលចម្បាំងខេមសាយ» ដែលមានទីតាំងស្ថិតនៅវាលចម្បាំង (បន្ទាយចាស់) ភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង និង មានចម្ងាយប្រហែល ៩០ គីឡូពីទីរួមខេត្តបាត់ដំបង។
សម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរផ្សងព្រេងស្វែងរកបទពិសោធថ្មីៗ ជាមួយពិភពធម្មជាតិមានពណ៌ខៀវស្រងាត់ពិតជាមិនខកបំណង់ឡើយ ដោយកន្លែងកម្សាន្តនេះ អាចឱ្យភ្ញៀវទេសចរធ្វើដំណើរដោយម៉ូតូកង់បួនពីភ្នំមួយទៅភ្នំមួយទៀត គយគន់ទេសភាពព្រៃព្រឹក្សាយ៉ាងសប្បាយរីករាយ ដោយគ្រាន់តែចំណាយ ១០ ដុល្លារតែប៉ុណ្ណោះ ក្នុងមួយម៉ោង។
បន្ថែមលើសពីនេះ ប្រិយមិត្តក៏អាចគេងផ្ទះចាប បោះតង់ ឱ្យចំណីត្រី ជិះក្បូនលេង អង្គុយមើលថ្ងៃរះ ថ្ងៃលិចលើស្ពាន ពេលយប់គយគន់អំពិលអំពែក និង ផ្កាយរាប់ពាន់ដួងកំពុងបញ្ចេញរស្មីនៅលើផ្ទៃមេឃ។ «វាលចម្បាំងខេមសាយ» ជាទីកម្សាន្តប្រកបទៅដោយទេសភាពស្អាតប្លែកភ្នែក ស័ក្តិសមបំផុតសម្រាប់អ្នកធ្វើដំណើរផ្សងព្រេងជាក្រុម ជាលក្ខណៈគ្រួសារ ឬ គូស្នេហ៍៕
រូបភាពដោយ៖ វាលចម្បាំងខេមសាយ