ហូតតែ ១៥$! ទៅកន្លែងមួយនេះ បោះតង់ ដុតក្រឡាន ស្តាប់ស្គរដៃក្រោមដួងខែ ស្រស់ស្រាយណាស់
សៀមរាប ជាខេត្តមួយស្ថិតនៅភូមិភាគពាយ័ព្យ នៃប្រទេសកម្ពុជា មានចម្ងាយប្រមាណជា ៣១៤ គីឡូម៉ែត្រតែប៉ុណ្ណោះ ពីរាជធានីភ្នំពេញ។ ខេត្តមួយនេះ ជាភូមិសាស្ត្រដែលមានសក្តានុពលទេសចរយ៉ាងសម្បូរបែប រួមមាន ទាំងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ប្រាង្គប្រាសាទបុរាណនានា រមណីយដ្ឋានធម្មជាតិ និង រមណីយដ្ឋានកែច្នៃជាច្រើនផងដែរ។
នៅថ្ងៃនេះ «ប្រជាប្រិយ» សូមណែនាំប្រិយមិត្តឱ្យស្គាល់រមណីយដ្ឋានទេសចរកែច្នៃមួយកន្លែងទៀត ប្រកបទៅដោយទេសភាពបែបស្រុកស្រែ មានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប ឈ្មោះថា «The Scenery» ដែលកំពុងទទួលបានការពេញនិយមទៅសម្រាកលម្ហែកម្សាន្ព និង ជាទិសដៅមួយយ៉ាងសំខាន់របស់ភ្ញៀវទេសចរទាំងឡាយ ក្រោយបញ្ហាកូវីដ-១៩ ស្ងប់ស្ងាត់បាត់ទៅ។
«The Scenery» កំពុងមានវត្តមាននៅភូមិត្បែង ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ តំបន់លម្ហែមួយនេះ ប្រកបទៅដោយទេសភាពស្រុកស្រែពណ៌បៃតងខៀវស្រងាត់ ពិសេសនារដូវវស្សានេះ មានកន្លែងលេងកម្សាន្តជាច្រើនផងដែរ ដែលមានដូចជា ការគយគន់ទេសភាពវាលស្រែពណ៌ខៀវខ្ចីដ៏ធំល្វឹងល្វើយវែងអន្លាយរហូតដល់ជាប់ជើងភ្នំ ការជិះកង់មើលទិដ្ឋភាពក្នុងភូមិ ញ៉ាំនំបញ្ចុកសម្លខ្មែរ ជាដើម។
បន្ថែមលើសពីនេះទៀតនោះ ប្រិយមិត្តក៏អាចគេងក្នុងតង់ដែលមានទំហំធំទូលាយសម្រាប់មនុស្ស ២ នាក់ ក្នុងតម្លៃត្រឹមតែ ១៥ ដុល្លារតែប៉ុណ្ណោះ។ នៅពេលយប់ «The Scenery» ក៏មានកន្លែងអាំងភ្លើង អង្គុយគយគន់ពន្លឺព្រះចន្ទ អាចដុតក្រឡាន ដុតដំឡូងញ៉ាំ និង មានការប្រគំតន្រ្តីស្គរដៃសម្រាប់ច្រៀងរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយផងដែរ ដែលស័ក្តិសមបំផុតសម្រាប់ការសម្រាកកម្សាន្តជាលក្ខណៈ ក្រុមគ្រួសារ ក្រុមការងារ មិត្តភក្តិ ឬ គូស្នេហាផងដែរ៕
រូបភាពដោយ ៖ ទៅលេងបន្ទាយស្រី