ផ្កាថ្មចម្រុះពណ៌ នៅកោះពោធិ ពិតជាមានទេសភាពស្អាតប្លែក !
ភ្ញៀវទេសចរជាច្រើន ដែលបានទៅដល់ក្រុងកែប ឬ ក៏កោះទន្សាយ ច្រើនតែមើលរំលង កោះពោធិ ។ តាមពិត កោះពោធិ មានសម្រស់គួរឱ្យចង់គយគន់ មិនចាញ់កោះទន្សាយឡើយ ។ នៅទីនោះមានទេសភាព និង ផ្កាថ្មចំរុះពណ៌ កំពុងតែអង្រួនអារម្មណ៍ភ្ញៀវទេសចរ ដែលបានទៅដល់ដែនកោះ ដែលជាប់គ្នាបង្កើយពីដែនកោះរបស់វៀតណាម ។
កោះពោធិ មានចម្ងាយមិនដល់ ១០ គីឡូម៉ែត្រពីក្រុងកែបឡើយ បើចង់ធ្វើដំណើទៅកាន់កោះពោធិ ភ្ញៀវទេសចរ គ្រាន់តែជិះកាណូតសហគមន៍ នៅផែ នៅក្រុងកែប ដែលដឹកអ្នកដំណើរទៅ កោះទ្សាយ និង កោះពោធិ ដោយចំណាយពេលប្រមាណជា ១ ម៉ោង បើកកាណូតសរសៀរ ក្បែរកោះទន្សាយ នោះនឹងបានទៅដល់កោះពោធិ។ ដើម្បីទៅដល់កោះពោធិគេត្រូវចំណាយថវិការចំនួនពី ២០ ដុល្លារ ទៅ ៤០ ដុល្លារតាមគ្នាតិច ឬ ច្រើន ដោយចេញដំណើរពេលព្រឹក ត្រលប់មកវិញពេលល្ងាច ។
កោះពោធិ គឺជាកោះមួយ ដែលមានទេសភាពស្រស់ស្អាត អាចត្រូវនឹងចំណងចំណូលចិត្តរបស់ភ្ញៀវ ទេសចរ ដែលនិយមគោលដៅអេកូទេសចរណ៍ ហើយវាក៏មានឆ្នេរខ្សាច់ល្អប្រកបដោយភាពស្ងប់ស្ងាត់ផង ហើយក៏បានឃើញដែនកោះរបស់ប្រទេសវៀតណាមនៅជិតបង្កើយផងដែរ ។ កោះនេះ លម្អទៅដោយឆ្នេរខ្សាច់ពណ៌ពងមាន់ និង ឆ្នេរផ្កាថ្មព័ទ្ធជុំវិញ ដោយព្រៃឈើពណ៌ បៃតងស្រស់ ។ កោះពោធិ គឺ ជាភូមិកររបស់អ្នកនេសាទប្រមាណជា ៥០ គ្រួសារ ដែលរស់នៅ យ៉ាងស្ងាត់ស្ងៀមលើកោះនៃភូមិសាស្ត្រ ខេត្តកែប ជាមួយនឹងកងកម្លាំងការពារ ដែនសមុទ្រ ។
ប្រជាពលរដ្ឋទាំងនោះរស់នៅដូចសហគមន៍អ្នកនេសាទឯទៀតដែរ ។ អ្នកភូមិ កោះពោធិ រស់នៅដោយសេចក្តីថ្លៃថ្នូរ និង សកម្មក្នុងអាជីពជាអ្នកនេសាទរបស់ខ្លួន ហើយផលនេសាទ ដែលពួកគាត់រកបាន ត្រូវផ្គត់ផ្គង់ឱ្យទេសចរនៅលើកោះនេះមួយចំនួន និង មួយចំនួនទៀត នាំទៅលក់នៅកោះទន្សាយ ឬ ក្រុងកែប ។
ប្រជាជននៅកោះពោធិ ពួកគេពុំដែលចាកចេញពីមហាសាគរទៅរកដីគោកឡើយ ប៉ុន្តែនៅទីនោះ ពុំមានសាលារៀន សម្រាប់កូនចៅរៀនសូត្រ ឬ គ្មានមន្ទីរពេទ្យ និង ភ្លើងអគ្គីសនី ប្រើប្រាស់ឡើយ ៕
ដោយ៖សុថាត់