«ឆ្នេរផ្កាយប្រាំពីរ» នៅកោះកុង ទេសភាពស្អាតខ្លាំង ដើមដូងច្រូងច្រាំង ទំនេរទៅលម្ហែឱ្យបាត់ស្ត្រេសម្តង
វាយោបក់មកត្រសៀកៗ រុញច្រានទឹករលកឱ្យរត់ប្រដេញគ្នាខ្មួរខ្មាញ់លើផ្ទៃទឹកសមុទ្រពណ៌ខៀវស្រងាត់ ស្ទុះទៅបោកកញ្ជ្រោកលើឆ្នេរខ្សាច់សក្បុស ហួសទៅអង្រួនចុងរុក្ខជាតិនានាឱ្យយោលទៅតាមខ្យល់ ហាក់បីដូចជាចម្រៀងបំពេរអារម្មណ៍យ៉ាងពីរោះរណ្ដំគួរចាប់ចិត្តចេតនា ។ រួមផ្សំជាមួយទេសភាពដ៏ស្រស់ត្រកាលនៅលើឆ្នេរមួយ ដែលមានទីតាំងស្ថិតនៅភូមិកុកហៅ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង ។
ឆ្នេរដ៏ស្រស់ត្រកាលមួយនេះមានឈ្មោះ «ឆ្នេរផ្កាយប្រាំពីរ» កំពុងក្លាយជាគោលដៅទេសចរយ៉ាងសំខាន់មួយសម្រាប់ភ្ញៀវទេសចរ ដែលបានចូលមកលេងកម្សាន្តនៅខេត្តកោះកុង តែងតែចូលទៅលេងកម្សាន្តនៅឆ្នេរដ៏ស្រស់ស្អាតមួយនេះ ដែលជាទីស្ងប់ស្ងាត់ មានខ្សាច់សក្បុស ទឹកសមុទ្រថ្លាយង់យល់ដី ដើមដូងច្រូងច្រាង ស្ពានឈើប្របឆ្នេរវែងអន្លាយ ។
លើសពីនេះ ប្រិយមិត្តក៏អាចកម្សាន្តជាមួយឆ្នេរដ៏ស្រស់ស្អាតគយគន់មិនចេះជិនណាយមួយនេះដូចជា ជិះទូក ស្ទូចត្រី ងូតទឹកលេង ទទួលទានអាហារឆ្ងាញ់ៗ គយគន់ទេសភាពនាថ្ងៃលិច ថតរូបជាមួយទេសភាពស្អាតៗ គេងស្តាប់សំឡេងទឹករលក ដើរលេងលើឆ្នេរ ដែលប្រិយមិត្តអាចទៅជាលក្ខណៈក្រុមការងារ គ្រួសារ ឬ គូស្នេហ៍ ជាដើម ៕
រូបភាពដោយ ៖ RS Gallery