ចប់កូវីដទៅណាមុនគេ? «ឆេ្នរប៉ាក់ខ្លង» ទីកម្សាន្តគួរប្រាថ្នា មានឆ្នេរខ្សាច់ស្អាតសក្បុស
កោះកុង ជាខេត្តមួយដែលមានសក្តានុពល សម្បូរទៅដោយកន្លែងកម្សាន្តចម្រុះគ្នា មានទាំងរមណីយដ្ឋានទេសចរបែបធម្មជាតិ រមណីយដ្ឋានទេសចរបែបកែច្នៃ និង មានឆ្នេរខ្សាច់សក្បុស ។ ទឹកដីនៃដែនទេសចរតារារះទិសនិរតី ខេត្តកោះកុងមួយនេះ នៅតែជាទិសដៅមួយយ៉ាងសំខាន់របស់ភ្ញៀវទេសចរប្រាថ្នាចង់ទៅលេងកម្សាន្ត ក្រោយស្ថានភាពកូវីដ-១៩ ស្រាកស្រាន្ត ។
ជាក់ស្តែង តាមរយៈរូបភាពដែលបានផ្តល់ដោយផេក RS Gallery ដែលបង្ហាញពីទិដ្ឋភាពឆ្នេរខ្សាច់សក្បុសមានទឹកសមុទ្រខៀវស្រងាត់ធំល្វឹងល្វើយ ដើមឈើដុះច្រូងច្រាំងដេរដាសត្រៀបត្រានៅលើឆ្នេរមួយមានឈ្មោះ «ឆ្នេរកោះយ៉» ឬ «ឆេ្នរប៉ាក់ខ្លង» ដែលកំពុងតែក្លាយជាទីចាប់អារម្មណ៍របស់មហាជននាបច្ចុប្បន្ននេះ ។
ដើម្បីធ្វើដំណើរទៅដល់ «ឆេ្នរប៉ាក់ខ្លង» ប្រិយមិត្តអាចធ្វើដំណើរចេញពីក្រុងខេមរភូមិន្ទ ទីរួមខេត្តកោះកុង ឆ្ពោះទៅកាន់ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ប្រមាណតែ ៧ គីឡូម៉ែត្រតែប៉ុណ្ណោះ នោះប្រិយមិត្តនឹងទៅដល់ «ឆេ្នរប៉ាក់ខ្លង» ដែលប្រកបទៅដោយទេសភាពស្អាតគាប់នេត្រា មានតូបអង្គុយញ៉ាំអាហារ អង្គុយគយគន់ទឹករលក ស្រូបយកខ្យល់បរិសុទ្ធ ងូតទឹកលេង គេងស្តាប់សំឡេងទឹករលកបោលបុកច្រាំងហាក់ដូចតន្ត្រីកំដរអារម្មណ៍ និង ទស្សនាថ្ងៃលិច ជាដើម ៕