ទេសភាពនារដូវវស្សា នៅមណ្ឌលគីរី អមទៅដោយសមុទ្រព្រៃឈើខៀវស្រងាត់ស្អាតក្រៃលែង
ឈានចូលដល់រដូវវស្សាកាលណា រុក្ខជាតិទាំងឡាយស្ទើរគ្រប់តំបន់នានា ចាប់ផ្តើមស្វាគមន៍វស្សានរដូវតាមរយៈការលូតលាស់មែកស្លឹកផ្លែផ្កាត្រឈឹងត្រឈៃខៀវស្រងាត់ស្រស់ត្រកាល បង្អួតសម្រស់ដាក់គ្នាក្រោយត្រូវដំណក់ព្រះភិរុណ ។
ជាមួយគ្នានេះដែរ បើយើងចោលភ្នែកក្រឡេកមើលទៅឱ្យឆ្ងាយបន្តិច ហួសទៅដល់ភូមិភាគឥឦសាននៃប្រទេសកម្ពុជា នៅតាមផ្លូវក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគីរី តាមរយៈរូបភាពថតពីលើអាកាសឯណោះវិញ ឃើញថារុក្ខជាតិនានាទាំងតូចទាំងធំ មានពណ៌បៃតងខៀវស្រងាត់ស្រស់ស្អាតប្លែកភ្នែក ហាក់បីដូចជាឋានសួគ៌ានៃធម្មជាតិរំលេចទៅដោយរស្មីពណ៌បៃតងលាតសន្ធឹងដាច់កន្ទុយភ្នែក ជុំជិតប្រជ្រៀតគ្នាលូតលាស់ប្រជែងសម្រស់ដាក់អ្នកដំណើរទាំងឡាយដែលបានធ្វើដំណើរលើដងផ្លូវឱ្យរីករាយជាមួយទេសភាពកម្រប្រទះនេះ ។
មិនតែប៉ុណ្ណោះ ផ្លូវក្នុងស្រុកកែវសីមានេះ មានភាពងាយស្រួយសម្រាប់ការធ្វើដំណើរ មានលក្ខណៈបត់បែនកោងវែងអន្លាយគួរឱ្យទាក់ទាញ ។ លើសពីនេះ អ្នកដំណើរទាំងឡាយក៏អាចទស្សនាទិដ្ឋភាពដើមឈើចម្រុះគ្នាតូចធំ ដែលរត់មកតម្រង់គ្នាជាជួររាយជារបង ដុះអមនៅតាមផ្លូវមួយដើមហើយមួយដើមទៀតបន្តគ្នាឥតដាច់គួរគាប់នេត្រាពេលបានធ្វើដំណើរកាត់ម្តងៗ ៕
រូបភាពដោយ ៖ Mardy Suong Photography