ពេលស្បើយកូវីដ ទៅលេង «មន្តស្នេហ៍ស្រះឈូក» នៅកំពត ស្រូបក្លិនផ្កាឈូក ចោលអារម្មណ៍ស្មុគម្តង
ស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា កំពតជាខេត្តមួយដែលមានសក្តានុពលទេសចរសម្បូរបែប ប្រកបទៅដោយតំបន់ទេសចរល្បីៗជាច្រើន រួមមានទាំងទេសចរណ៍បែបធម្មជាតិ និង ទេសចរណ៍បែបកែច្នៃ មានទេសភាពស្អាតៗជាច្រើន ដែលភ្ញៀវទេសចរប៉ងទៅលេងកម្សាន្តបន្ទាប់ពីស្ថានភាពកូវីដ-១៩ ធូរស្បើយ ។
ថ្មីៗនេះ មហាជនក្នុងបណ្តាញសង្គមហ្វេសប៊ុក បាន និង កំពុងផ្ទុះការចាប់អារម្មណ៍កន្លែងសម្រាកលម្ហែកាយមួយកន្លែង ជាមួយការលើកសរសើរពីសោភណ្ឌភាពដ៏ស្រស់ត្រកាលបែបធម្មជាតិ មានទេសភាពស្អាតក្រៃលែង កំពុងសំងំលាក់ខ្លួននៅក្នុងស្រះឈូកមួយកន្លែង មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រស្រុកឈូក ខេត្តកំពត ។
ទីសម្រាកលម្ហែបែបកែច្នៃមានទេសភាពបែបធម្មជាតិមួយនោះមានឈ្មោះ «មន្តស្នេហ៍ស្រះឈូក» កំពុងរាយមន្តស្នេហ៍ អន្ទងចិត្តភ្ញៀវទេសចរ ឱ្យចង់ចូលទៅទស្សនាទេសភាពបែបធម្មជាតិខៀវស្រងាត់ ដែលមានផ្កាឈូករាប់រយពាន់រីករហង់ចោលគន្ធាពិដោរឈ្ងុយឈ្ងុប រសាត់ទៅតាមវាតាអណ្តែតតាមខ្យល់មកប៉ះនឹងឃានវិញ្ញាណ បណ្តាលឱ្យស្បើយអស់ពីទុក្ខកង្វល់ទាំងឡាយ ។
រមណីយដ្ឋាន «មន្តស្នេហ៍ស្រះឈូក» នេះ បានបើកចំហបេះដូងរង់ចាំស្វាគមន៍ភ្ញៀវទាំងឡាយ ដែលនិយមចូលចិត្តធ្វើដំណើរកម្សាន្ត ដែលមានជាលក្ខណៈ គ្រួសារ គូស្នេហ៍ ក្រុមការងារ ឬ មិត្តភក្តិផងដែរ ។ នៅទីនោះមានប្លង់ថតរូបស្អាតៗ ទេសភាពជាប់ជើងភ្នំ អង្គុយទទួលទានអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់នៅតូបអង្គុយលេង ជាដើម ៕
រូបភាពដោយ ៖ RS Gallery