ចំណាំទុកមួយទៅ «ទឹកធ្លាក់ភ្នំខៀវ» នៅប៉ៃលិន ហូរខួបប្រាំងខួបវស្សា ស្អាតដាច់គេ
បើគេធ្វើដំណើរឆ្ពោះទៅបប៉ៃលិនទឹកដីត្បូងពេជ្រនោះ ប្រិយមិត្តប្រាកដជានឹកឃើញទៅដល់តំបន់ទេសចរធម្មជាតិ «ទឹកធ្លាក់ភ្នំខៀវ» ឬ «ជ្រោះភ្នំខៀវ» មុនគេ ដែលមានទីតាំងស្ថិតនៅ ភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានចម្ងាយប្រមាណតែ ៩ គីឡូម៉ែត្រពីភ្នំយ៉ាតបេះដូងនៃខេត្តប៉ៃលិន ។
«ទឹកធ្លាក់ភ្នំខៀវ» ជាទីកម្សាន្តមួយយ៉ាងសំខាន់ក្រោយកូវីដ-១៩ ស្ងប់ស្ងាត់ ប្រកបទៅដោយទេសភាពព្រៃភ្នំយ៉ាងស្រស់ស្អាត មានទឹកជ្រោះហូរធ្លាក់ពីលើភ្នំខួបប្រាំងខួបវស្សាកម្ពស់ជិត ២ គីឡូម៉ែត្រ ហូរបន្តគ្នាពីមួយថ្នាក់ទៅមួយថ្នាក់ទៀត ទើបគេប្រសិទ្ធិនាមថា «ទឹកធ្លាក់ ៧ ជាន់» ។ ភ្ញៀវទេសចរដែលទៅកម្សាន្តភាគច្រើននិយមទៅងូត ឬ ហែលទឹកលេងកម្សាន្តនៅជាន់ទី ៦ និង ជាន់ទី ៧ ។ លើសពីនេះក៏អាចគយគន់ទេសភាពធម្មជាតិ ស្រូបយកខ្យល់អាកាសបរិសុទ្ធ អង្គុយក្នុងតូបដែលនៅអមតាមមាត់ជ្រោះ ញ៉ាំអាហារឆ្ងាញ់ៗក្រោមម្លប់ដើមឈើត្រឈឹងត្រឈៃ ស្តាប់សំឡេងសត្វបក្សាបក្សីច្រៀងបំពេអារម្មណ៍ផងដែរ ។
ក្រៅពីនេះ គេក៏មិនអាចរំលងកន្លែងដ៏សំខាន់មួយទៀតប្រចាំ «ទឹកធ្លាក់ភ្នំខៀវ» នោះគឺឡើងទៅមើលគល់ឈើដែលផុសចេញពីដីមកមានរូបរាងដូចជាសត្វនាគមួយគូ ប្លែកគួរឱ្យចង់ទស្សនា ហើយត្រូវបានគេយកក្រណាត់ពណ៌ខៀវ និង ពណ៌មាសទៅគ្រប់ពីលើជាតំណាងឱ្យ នាគខៀវ និង នាគភ្លើង ៕
រូបភាពដោយ ៖ Cambodia Amazing Site