ទៅចង់សឹកផ្លូវទើបដឹង! នៅសៀមរាប សល់កន្លែងកម្សាន្តប្លែកៗ ៤ នេះទៀត កម្រមានអ្នកទៅ
បើយើងនិយាយពីការរៀបគម្រោងដើរលេងកម្សាន្តក្រោយកូវីដ-១៩ ស្ងប់ស្ងាត់នោះ ប្រិយមិត្តប្រាកដជានឹកឃើញទៅដល់ខេត្តសៀមរាបមុនគេ ។ តើប្រិយមិត្តដឹងទេថា ក្រៅតែពីប្រាង្គប្រាសាទដ៏មហាអស្ចារ្យ និង កន្លែងកម្សាន្តនានានោះ សៀមរាបមានកន្លែងកម្សាន្តប្លែកៗអ្វីខ្លះទៀត ? ថ្ងៃនេះ «ប្រជាប្រិយ» សូមណែនាំប្រិយមិត្តឱ្យស្គាល់កន្លែងកម្សាន្តប្លែកៗចំនួន ៤ កន្លែង ប្រចាំខេត្តសៀមរាប ដែលល្បីថាប្លែកគេកម្រមាន ដូចជា ៖
១. សារមន្ទីរមីនកម្ពុជា
សារមន្ទីរមីនកម្ពុជា មានទីតាំងស្ថិតនៅភូមិខ្នារ ឃុំខ្នារសណ្តោយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយត្រូវបានបើកដំណើរការឡើងវិញ កាលពីឆ្នាំ ២០១៨ បន្ទាប់ពីត្រូវបានបិទទ្វារអស់មួយរយៈធំ ។ សារមន្ទីរមីនកម្ពុជា គឺបានបង្កើតឡើងដំបូងដោយវីរបុរសមីនខ្មែរមួយរូបឈ្មោះ អាគីរ៉ា ដោយវីរបុរសរូបនេះ បានធ្វើការសម្អាតរំសេវ អាវុធយទ្ធភណ្ឌផ្សេងៗដោយខ្លួនឯង មុននឹងយកទៅរៀបចំដាក់តាំងលម្អសម្រាប់ភ្ញៀវទេសចរចូលទៅទស្សនា ។
២. សារមន្ទីរសង្គ្រាម
មានទីតាំងស្ថិតនៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ។ សារមន្ទីរនេះជាកន្លែងប្រមូលផ្តុំគ្រឿងសព្វាវុធជាច្រើនប្រភេទ ដែលបានបន្សល់ទុកពីភ្នក់ភ្លើងសង្គ្រាម ចន្លោះឆ្នាំ ១៩៧០ មកដល់ឆ្នាំ ១៩៩៨ ហើយត្រូវបានដាក់បង្ហាញជូនសម្រាប់ភ្ញៀវទេសចរចូលទស្សនា ក្នុងន័យបង្ហាញអំពីផលវិបាកនៃសង្រ្គាម និង ចង់បង្ការកុំឱ្យមានសង្រ្គាមកើតឡើងទៀត ។
៣. អាងក្រពើ
អាងក្រពើ វីអិល ឬហៅម៉្យាងទៀតថា ស្ថានីយចិញ្ចឹមក្រពើ វីអិល មានទីតាំងស្ថិតនៅ ភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ។ អាងក្រពើនេះ កំពុងបើកកាយចំហបេះដូងរង់ចាំភ្ញៀវទាំងឡាយឱ្យចូលទៅទស្សនា បន្ទាប់ពីស្បើយជំងឺកូវីដ-១៩ ដែលភ្ញៀវអាចទស្សនាហ្វូងក្រពើជាច្រើននៅក្នុងអាង ហើយក៏អាចផ្តិតយកនូវរូបភាពសម្រាប់ទុកជាអនុស្សាវរីយ៍ផងដែរ ។
៤. ភូមិលិចទឹកកំពង់ភ្លុក
មានទីតាំងស្ថិតនៅភូមិកំពង់ភ្លុក ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ជាទិសដៅមួយយ៉ាងសំខាន់ ដែលប្រិយមិត្តមិនគួរមើលរំលង ភូមិធម្មជាតិស្ថិតនៅលើផ្ទៃទឹកមួយនេះ មានប្រកទៅដោយទេសភាពស្រស់ស្អាត មានព្រៃព្រឹក្សាច្រើនឥតគណនាបណ្តែតខ្លួននៅលើផ្ទៃទឹក ចោលសម្រស់គួរពិតពិលរមិលមើលនៃភ្ញៀវទេសចរ ដែលដំណើរតាមរយៈការជិះកាណូតលើផ្ទៃគង្គាឱ្យរសាយបាត់អស់ទុក្ខកង្វល់ទាំងពួង ៕