ព្រះពុទ្ធប្បដិមាឆ្លាក់ជាប់ជញ្ជាំងភ្នំសំពៅ ដ៏ធំមហិមានៅបាត់ដំបង កំពុងបង្ហាញសម្រស់នឹងធម្មជាតិស្អាតក្រៃ
ព្រះពុទ្ធប្បដិមាដ៏ធំមហិមាចំនួន ៣ ព្រះអង្គ ដែលជាស្នាដៃរបស់កូនខ្មែរឆ្លាក់ដោយដៃជាប់ជញ្ជាំងភ្នំសំពៅ ក្នុងទឹកដីខេត្តបាត់ដំបង បន្ទាប់ពីសាងសងអស់រយៈពេលជាច្រើនឆ្នាំមក ពេលនេះជិតរួចរាល់ជាស្ថាពរហើយ ដែលមានទីតាំងជាក់ស្តែងស្ថិតនៅក្នុងតំបន់រមណីយដ្ឋានធម្មជាតិ ក្នុងភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង និង មានចម្ងាយប្រមាណជា ១២ គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្តបាត់ដំបង ។
ស្ថិតនៅក្នុងទម្រង់ ព្រះពុទ្ធទ្រង់ប្រសូត ព្រះពុទ្ធទ្រង់ត្រាស់ដឹង និង ព្រះពុទ្ធទ្រង់ចូលព្រះនិព្វាន ដែលខាងក្រោមជាខឿនព័ទ្ធជុំវិញបល័ង្កធ្វើអំពីបេតុង មានកម្ពស់ជាង ៣០ ម៉ែត្រ ទទឹងជាង ៤០ ម៉ែត្រ ព្រះពុទ្ធប្បដិមាទាំង ៣ ព្រះអង្គនេះ កំពុងបង្កប់នៅទិដ្ឋភាពយ៉ាងស្រស់ស្អាត ត្រដែតត្រដឹម ជាពិសេសក្នុងនារដូវវស្សានេះ រឹតតែបានរំលេចឱ្យឃើញនូវទិដ្ឋភាពមួយដ៏ល្អផូរផងមួយថែមទៀត ដោយមានដើមឈើដុះព័ទ្ធជុំវិញ លម្អទៅដោយផ្កាចម្រុះ រួមផ្សំជាមួយនឹងទេសភាពព្រៃព្រឹក្សានានានៅភ្នំសំពៅ បង្កើតបានជាទស្សនីយភាពគយគន់មិនចេះជិនណាយ ។
ដោយឡែក ការចាប់ផ្តើមកសាងព្រះពុទ្ធប្បដិមានេះ ត្រូវបានធ្វើឡើងជាលើកដំបូងក្នុងកំលុងឆ្នាំ ២០០២ ក្នុងគម្រោងបញ្ចប់នៅឆ្នាំ ២០០៩ ដោយហេតុតែជួបប្រទះទៅនឹងភាពលំបាកច្រើនពេក ជាពិសេសថ្មភ្នំសំពៅតែម្តងមានលក្ខណៈផុយស្រួយធ្វើឱ្យជាងពិបាកក្នុងការដាប់ឆ្លាក់ ទើបត្រូវពន្យារពេលបញ្ចប់គម្រោងសាងសង់នៅចុងឆ្នាំ ២០២១ នេះវិញ ៕
រូបភាពដោយ ៖ Sovanna Kem Photography