២០$ ក៏គេងបាន! រីសតមួយ នៅខេត្តព្រះវិហារ ទេសភាពស្អាតកប់ មានតង់លើភ្នំ ទាក់ទាញខ្លាំងណាស់
មួយរយៈកាលចុងក្រោយនេះ គេសង្កេតឃើញ មហាជននៅក្នុងបណ្ដាញសង្គមមួយចំនួន ផ្ទុះការចាប់អារម្មណ៍ទៅលើ តំបន់លម្ហែបែបធម្មជាតិមួយកន្លែង ជាប្រភេទរីសត ដែលស្ថិតនៅជាប់ជើងភ្នំត្បែង ក្នុងខេត្តព្រះវិហារ និងមានទេសភាពបែបព្រៃភ្នំ យ៉ាងស្រស់ត្រកាល ស្ទើរតែច្រឡំទៅនឹងខេត្តមណ្ឌលគិរីទៅហើយ ។
នៅទីនោះមានឈ្មោះថា « ភ្នំត្បែង រីសត » ដែលជាកន្លែងលម្ហែប្រកបទៅដោយ ខ្យល់អាកាសស្រស់ស្រាយ លាយឡំជាមួយទេសភាពស្រស់ត្រកាលនៅលើភ្នំ អាចឱ្យប្រិយមិត្តដែលបានទៅទស្សនាកម្សាន្តនៅទីនោះ ហាក់ត្រេកត្រអាលនឹងសម្រស់ធម្មជាតិ ឆ្លៀតថតរូបស្អាតៗ ញ៉ាំងបរិយាសកាសឱ្យរីករាយសប្បាយ រសាយអស់ទុក្ខកង្វល់ ។
មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ទៀតនោះគឺ រីសតមួយនេះ បានរៀបចំនូវតង់ដ៏ប្រណីតសម្រាប់ស្នាក់នៅ ពីតំបន់ជម្រេលភ្នំ ដែលមានរៀបចំនូវអំពូលចរណៃ និងកន្លែងងូតទឹកដ៏ស្រស់ស្រាយ គួរជាទីសោយសុខមនោរម្យបំផុត សម្រាប់ប្រិយមិត្ត ដែលចូលចិត្តបរិយាកាសស្ងប់ស្ងាត់នៅលើភ្នំ និងចង់ទៅលម្ហែក្រោយពេលស្រាកស្រាន្តការរាតត្បាតវីរុសកូវីដ-១៩។
បើនិយាយពីតម្លៃក្នុងការស្នាក់នៅវិញ ភ្នំត្បែងរីសត មានតម្លៃចាប់ពី ២០ $ រហូតដល់ ៩០ $ ដែលមានកន្លែងស្នាក់នៅច្រើនប្រភេទផ្សេងៗគ្នា ព្រមទាំងបើកចិត្តបើកកាយចាំទទួលភ្ញៀវទេសចរ មិនខ្លាចខ្វះកន្លែងគេងឡើយ ទោះទៅលេងកម្សាន្តគ្នាច្រើននាក់ប៉ុណ្ណាក៏ដោយ ៕
រូបភាពដោយ ៖ អាណាចក្រត្រាវែល Anachak Travel