សៀមរាបយើងហ្នឹង! រមណីយដ្ឋានពាមគ្រែ គេងស្តាប់សំឡងទឹកហូរ ទេសភាពស្អាតខ្លាំង ថតរូបល្អឥតខ្ចោះ
ស្ថិតនៅចម្ងាយ ៣១៤ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ខេត្តសៀមរាប ត្រូវបានគេស្គាល់ថា ជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ហើយថែមទាំងសម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិជាច្រើនកន្លែង ប្រកបទៅដោយទេសភាពស្រស់ស្អាត ឆក់យកបេះដូងភ្ញៀវទេសចរនៅជុំវិញពិភពលោកឱ្យមកចូលទស្សនាកម្សាន្ត ។
ថ្ងៃនេះ យើងនឹងនាំអារម្មណ៍លោកអ្នកទៅទស្សនានូវតំបន់ទេសចរណ៍ធម្មជាតិមួយកន្លែង ស្ថិតក្នុងខេត្តសៀមរាប ដែលមានប្រិយមិត្តមួយចំនួនបើបានដឹងហើយច្បាស់ជាទាញចិត្តឱ្យលង់ដកខ្លួនមិនរួច ហើយគុំទុកក្នុងចិត្តចង់ចូលទៅទស្សនាកម្សាន្តកន្លែងមួយនេះ ដែលមានឈ្មោះថា «រមណីយដ្ឋានព្រះជ័យវរ្ម័ននរោត្តម ឬ ពាមគ្រែ» ។
មានទីតាំងស្ថិតនៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប តំបន់ទេសចរណ៍ធម្មជាតិ ពាមគ្រែ ជារមណីយដ្ឋានធម្មជាតិមួយបែប ដែលជាចំណុចមួយដែលអូរពីរប្រសព្វគ្នា មានដើមឈើដុះហ៊ុមព័ទ្ធអូរ ទឹកថ្លាយង់យល់ដី ត្រជាក់ស្រែងដូចទឹកអម្រឹតដែលហូរធ្លាក់ពីឋានសួគ៌ា មានភាពងាយក្នុងការទៅលេងកម្សាន្ត ប្រកបដោយទេសភាពធម្មជាតិ ស្ងប់ស្ងាត់ ខ្យល់បរិសុទ្ធ ។
អ្វីដែលកាន់តែពិសេសនោះគឺ ភ្ញៀវទេសចរចូលទៅលេងកម្សាន្តអាចងូតទឹកលេងកម្សាន្តជាលក្ខណៈ មិត្តភក្តិ បងប្អូន ក្រុមគ្រួសារ និង គូសង្សារ អាចថតរូបបានយ៉ាងស្រស់ស្អាត ជាមួយទេសភាពធម្មជាតិស្រស់ស្អាត ដែលជាបរិយាកាសដ៏សែនមនោរម្យក្រៃលែង សម្រាកអង្គុយស្រូបយកខ្យល់អាកាសបរិសុទ្ធ ស្តាប់សំឡេងទឹកហូរឱ្យរសាយអស់នូវរាល់ទុក្ខកង្វល់ ៕
ប្រភពរូប ៖ Æm Łøn