ភ្នំត្បែងមានជ័យ ទេសភាពធម្មជាតិខៀវស្រងាត់ពីជើងដល់កំពូលភ្នំ ស្អាតខ្លាំងនារដូវវស្សា
បើយើងធ្វើចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទិសឧត្តរ ស្ថិតនៅចម្ងាយប្រមាណជាជិត ២៩៤ គីឡូម៉ែត្រ អ្នកនឹងទៅដល់ខេត្តមួយឈ្មោះថា ខេត្តព្រះវិហារ ។ ខេត្តព្រះវិហារ ជាតំបន់ខ្ពង់រាប សម្បូរទៅដោយព្រៃភ្នំ ដើមឈើធំៗ ភូមិសាស្ត្រធំទូលាយ បង្កើតជាតំបន់ទេសចរកំពុងអង្រួនបេះដូងភ្ញៀវទេសចរឱ្យចូលមកទស្សនាកម្សាន្ត ។
ថ្មីៗនេះមហាជនក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ កំពុងចាប់អារម្មណ៍យ៉ាងខ្លាំង នូវទិដ្ឋភាពនារដូវវស្សារបស់តំបន់ទេសចរធម្មជាតិភ្នំត្បែងមានជ័យ កំពុងតែបង្អួតសម្រស់ បង្ហាញឱ្យឃើញនៅទេសភាពដ៏ស្រស់ត្រកាល ហាក់បីដូចជាឋានសួគ៌ធម្មជាតិគ្មានពីរក្រោមមេឃ ។
ស្ថិតនៅក្រុងត្បែងមានជ័យ ចម្ងាយប្រមាណជា ៣៦ គីឡូម៉ែត្រពីរង្វង់មូលនាគព័ន្ធ តំបន់ភ្នំត្បែងមានជ័យ ដែលពោរពេញដោយទេសភាពធម្មជាតិពណ៌បៃតងខៀវស្រងាត់ចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំ រួមផ្សំជាមួយនឹងខ្យល់ជំនោរនារដូវស្សា រត់មកក្រសោបខ្លួនភ្ញៀវទេសចរដែលបានទៅកម្សាន្តឱ្យភ្លេចអស់រឿងរ៉ាវុក្ខកង្វល់ទាំងឡាយឱ្យចាកឆ្ងាយ រសាយគ្មានសល់ ដោយជំនួសមកវិញដោយអារម្មណ៍ស្រស់ស្រាយសប្បាយរីករាយ ។
ភ្នំត្បែងមានជ័យ ជាទិសដៅទេសចរមួយយ៉ាងទាក់ទាញ សម្បូរទៅដោយកន្លែងទស្សនាជាច្រើនដូចជា បោះតង់ជុំគ្នា គយគន់ថ្ងៃលិច ងូតទឹកធ្លាក់ ទស្សនាទេសភាពព្រៃភ្នំ ទស្សនាវត្ត រៀបចំអាហារដោយខ្លួនឯង និង ចំណុចផ្សេងៗទៀត ក៏ប៉ុន្តែរមណីយដ្ឋានភ្នំត្បែងមានជ័យពុំទាន់មាន កន្លែងលក់អាហារ អាហារដ្ឋាន និង ភោជនីយដ្ឋាន នៅឡើយទេ ៕
ប្រភពរូប ៖ ហេង-Heng