វ៉ាវ! ខេត្តកំពង់ស្ពឺ ឈរលំដាប់លេខ ២ មានភ្ញៀវទេសចរសម្រុកទៅលេងច្រើនកកកុញ ក្នុងខែនេះ
កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ តាមរយៈលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា គិតត្រឹមចុងសប្តាហ៍ទី២ នៃខែមិថុនា ឆ្នាំ២០២១ នេះ កម្ពុជាមានភ្ញៀវទេសចរជាតិ និង អន្តរជាតិជាង ៧ ម៉ឺននាក់ដែលនៅក្នុងនោះ ភ្ញៀវជាតិ ៧០,១១៧ នាក់ និង ភ្ញៀវបរទេសផ្ទៃក្នុង ៧៥៤ នាក់ ដោយគិតចាប់ពីថ្ងៃទី ១២ ដល់ ១៣ ខែមិថុនា នៅទូទាំងប្រទេសកម្ពុជា ។
នៅក្នុងនោះ គោលដៅទេសចរណ៍សំខាន់ៗប្រចាំសប្តាហ៍ទី២ រួមមាន ៖
– រាជធានីភ្នំពេញ ៖ ១៤, ៣៧៨ នាក់
– ខេត្តកំពង់ស្ពឺ ៖ ១០,៥១៥ នាក់
– ខេត្តកំពត ៖ ៧,៨៤៩ នាក់
– ខេត្តព្រះសីហនុ ៖ ៧,០៧៩ នាក់
– ខេត្តបាត់ដំបង ៖ ៦,៧៩៤ នាក់
– ខេត្តកណ្តាល ៖ ៤,២០៨ នាក់
ចំនួនភ្ញៀវទេសចរមានការថយចុះប្រមាណ ៩.៥៩ % ធៀបទៅនឹងសប្តាហ៍កន្លងមក ហើយបើធៀបនឹងរយៈពេលដូចគ្នានៃខែមិថុនា ឆ្នាំ២០២០ គឺថយចុះប្រមាណ ៥០.៦៩ % ។ ដោយសារការកើនឡើងនៃការរាតត្បាតជំងឺកូវីដ-១៩ នៅតាមតំបន់នានានៃរាជធានី-ខេត្តមួយចំនួន បានធ្វើឱ្យមានការថយចុះនៃចំនួនភ្ញៀវទេសចរ ធៀបនឹងក្នុងសប្តាហ៍កន្លងមក។ មិនតែប៉ុណ្ណោះគណៈបញ្ជាការឯកភាពរាជធានីខេត្ត បានបង្កើនការក្រើនរំលឹកដល់ភ្ញៀវទេសចរ ដើម្បីចូលរួមពង្រឹងការអនុវត្តវិធានសុវត្ថិភាព នៅគ្រប់គោលដៅទេសចរណ៍ និង នៅតាមមូលដ្ឋានអាជីវកម្មទាំងឡាយផងដែរ។
ដោយឡែកសម្រាប់តំបន់ទេសចរណ៍អេកូទេសចរណ៍ និង ទេសចរណ៍ធម្មជាតិ ដូចជា គីរីរម្យ ភ្នំខ្នងផ្សារ ភ្នំឱរ៉ាល់ និង គោលដៅទេសចរណ៍ខេត្តតំបន់ឆ្នេរ នៅតែជាគោលដៅទេសចរណ៍ ដ៏មានប្រជាប្រិយភាព និង មានភាពទាក់ទាញខ្លាំង ព្រមទាំងអាចជួយទ្រទ្រង់ចលនាទេសចរណ៍ផ្ទៃក្នុង៕
ប្រភព ៖ ក្រសួងទេសចរណ៍