ទៅមើលទិដ្ឋភាពអង្គរ នៅរដូវវស្សា ក្រាលក្របវាលស្មៅខៀវខ្ចី ប្រៀបបានកម្រាលព្រំពណ៌បៃតង
រដូវវស្សាឈានចូលមកដល់ ធម្មជាតិនានានៅសឹងគ្រប់តំបន់នៃប្រទេសកម្ពុជា ចាប់ផ្ដើមរីកលូតលាស់បែកមែកត្រឈឹងត្រឈៃ មិនថាដើមឈើធំៗ វល្លិ៍តូចតាច ដើមផ្កា និង កូនស្មៅនោះទេ សុទ្ធតែចេញផ្កា លូតវែងៗល្អ ក្រោយត្រូវតំណក់ទឹកភ្លៀង ធ្លាក់មកជោគជាំស្រោចស្រពស្ទើរតែរៀងរាល់ថ្ងៃ ។
ជាក់ស្ដែងបើយើងក្រឡេកទៅមើល ទិដ្ឋភាពនៅតំបន់អង្គរក្នុងរដូវវស្សាឯណោះវិញ គេសង្កេតឃើញថា វាលស្មៅដែលធ្លាប់តែដុះល្អិតៗសឹងតែមិនរស់ក្នុងរដូវប្រាំង នៅជុំវិញបរិវេណប្រាសាទ ពេលនេះគឺចាប់ផ្ដើមលាស់ចេញពណ៌បៃតងខ្ចី លូតស្មើដៃគ្នាហើយ លាតសន្ធឹងយ៉ាងវែងអន្លាយ ប្រៀបបានកម្រាលព្រំពណ៌បៃតង ដែលបង្កើនសម្រស់ប្រាង្គប្រាសាទខ្មែរ ឱ្យកាន់តែលេចធ្លោ និង មានសោភណ្ឌភាព ទាក់ទាញដួងនេត្រាភ្ញៀវទេសចរ បានមួយកម្រិតទៀត ។
មិនត្រឹមតែប៉ុណ្ណោះ នៅពេលដែលពន្លឺនៃព្រះទិនករ ចាំងឆ្លុះជាមួយនឹងវាលស្មៅពណ៌បៃតងខ្ចីនេះ បានរំលេចចេញនូវពន្លឺចែងចាំង បូកផ្សំជាមួយស្រមោលប្រាង្គប្រាសាទចាំងឆ្លុះលើវាលស្មៅ ធ្វើឱ្យតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមួយនេះ កាន់តែអស្ចារ្យ និង រស់រវើកតែម្ដង ។
តាមរយៈរូបភាពនៃទិដ្ឋភាពដ៏ស្រស់ត្រកាល និងភាពអស្ចារ្យទាំងនេះហើយ បានទាក់ទាញដួងចិត្តមហាជន ឱ្យនឹករលឹកចង់ទៅលេងទឹកដីអង្គរជាថ្មីម្ដងទៀត ក្រោយបញ្ហាកូវីដ-១៩ នៅក្នុងសហគមន៍ បានស្រាកស្រាន្ត និង លែងមានការរាតត្បាតតទៅទៀត ៕
សូមទស្សនាទិដ្ឋភាពទាំងស្រុង នៅតំបន់អង្គរនារដូវវស្សានេះ ៖
រូបភាពដោយ ៖ អូរ អក្ខរា