ចង់តែគក់ទ្រូងទេ! ទៅសៀមរាបឡើងសឹកផ្លូវ ទើបតែដឹងថាមានសួនទឹកកម្សាន្តឡូយកប់ ថតរូបអ៊ែមៗ
ស្ថិតនៅចម្ងាយប្រមាណជា ៣១២ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ខេត្តសៀមរាប ជាខេត្តដែលសម្បូរទៅដោយរមណីយដ្ឋានសម្បូរបែប រួមមានតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ តំបន់ទេសចរណ៍ធម្មជាតិ តំបន់ភ្នំ តំបន់ទឹកធ្លាក់ និងតំបន់ទេសចរណ៍កែច្នៃជាដើម ដែលសម្ញែងកាយត្រៀបត្រា បើកចិត្តបើកកាយទទួលភ្ញៀវទេសចរ ឱ្យទៅទស្សនាកម្សាន្ត បន្ទាប់ពីការរាតត្បាតជំងឺកូវីដ-១៩ បានធូរស្បើយ ។
ថ្ងៃនេះយើងខ្ញុំ សូមលើកយកនូវ តំបន់ទេសចរកែឆ្នៃមួយកន្លែងក្នុងខេត្តសៀមរាប ដែលទើបតែនឹងបង្កើតថ្មី ហើយពុំសូវមានអ្នកបានស្គាល់ និង ធ្លាប់ទៅលេង ដែលនៅទីនោះមានឈ្មោះថា «សួនកំសាន្ត ស្រុកក្រឡាញ់» ។
សួនកម្សាន្តមួយនេះ មានទីតាំងស្ថិតនៅក្នុងស្រុកក្រឡាញ់ ត្រដែតខ្លួនមិនឆ្ងាយប៉ុន្មានពីក្រុងសៀមរាបឡើយ ដែលនៅទីនោះមានសួនសម្រាប់លេងទឹកយ៉ាងធំ ចម្រុះបែប ប្រកបដោយបរិក្ខាទំនើប គួរឱ្យចង់ងូតលេង បូករួមជាមួយការរៀបចំសួនបៃតងយ៉ាងស្រស់ស្អាត ជាទីទាក់ទាញសម្រាប់ការសម្រាកលម្ហែ ជាមួយបរិយាកាសខ្យល់ត្រជាក់ ភាយចេញពីចំហាយអាងទឹក គួរជាទីមនោរម្យក្រៃលែង ។
បន្ថែមលើសពីនេះ សួនទឹកកម្សាន្តមួយនេះ ស័ក្តិសមបំផុតសម្រាប់ប្រិយមិត្តដែលចូលចិត្តការថតរូប ដែលនៅទីនោះរៀបចំទៅដោយសួន និង ប្លង់ថតរូបស្អាតៗ គួរឱ្យចាប់អារម្មណ៍ ធានាថាបានទៅហើយ ច្បាស់ជាមិនស្ដាយក្រោយឡើយ ៕
រូបភាពដោយ ៖ អាណាចក្រត្រាវែល Anachak Travel