បានទៅហើយតិចដកចិត្តមិនរួច «បឹងរលួស» កន្លែងគយគន់ថ្ងៃលិចស្អាតខ្លាំង នៅជិតបង្កើយក្រុងបាត់ដំបង
ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា មានចម្ងាយប្រមាណជា ២៩១ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ នោះគឺខេត្តបាត់ដំបង ជាខេត្តមួយដែលមានសក្តានុពលយ៉ាងខ្លាំងសម្បូរទៅដោយ រមណីយដ្ឋានទេសចរណ៍ស្អាតៗ ប្រាសាទបុរាណនានា រួមផ្សំទៅនឹងទេសភាពធម្មជាតិ បង្កជាភាពទាក់ទាញពីមហាជន និង ភ្ញៀវទេសចរជាតិ អន្តរជាតិ មកលេងកម្សាន្តលម្ហែកម្សាន្ត បន្ទាប់ពីស្ងប់ស្ងាត់កូវីដ-១៩ ។
ថ្ងៃនេះ យើងសូមណែងនាំកន្លែងមើលថ្ងៃលិចដ៏ទាក់ទាញមួយ នោះគឺ «បឹងរលួស» ជាទីកន្លែងលម្ហែកាយថ្មីមួយទើបនឹងលេចឡើងសម្ញែងខ្លួនបង្អួតសម្រស់យ៉ាងស្រស់ត្រកាល ជាមួយទេសភាពមាត់បឹងស្រូបយកខ្យល់អាកាសបរិសុទ្ធ គយគន់មើលទេសភាពពេលថ្ងៃរៀបលិច មានទីតាំងនៅមិនឆ្ងាយប៉ុន្មានពីប្រសាទឯកភ្នំ ស្ថិតក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ខេត្តបាត់ដំបង ចម្ងាយប្រហែលជា ១២ គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង ។
បឹងរលួស កំពុងត្រៀមខ្លួនរង់ចាំភ្ញៀវទេសចរមកពីគ្រប់មជ្ឈដ្ឋានមិនថាដំណើរកម្សាន្តបែបគ្រួសារ មិត្តភក្តិ ឬ គូស្នេហ៍នោះទេ តំបន់ទេសចរណ៍ធម្មជាតិមួយនេះ បើកចិត្តបើកកាយចំហបេះដូងរង់ចាំទទួលភ្ញៀវទេសចរ ឥតមានចិត្តងាករេឡើយ ដោយផ្ដល់ឱ្យនូវអារម្មណ៍ស្រស់ស្រាយ ជាមួយការទស្សនាទេសភាពនាំពេលថ្ងៃរៀបលិចរ៉ូមែនតិចខ្លាំង ៕
ប្រភពរូប ៖ បាត់ដំបង