ណាត់គ្នាទៅស្បើយកូវីដ! កន្លែងថ្មីមួយនៅជាយក្រុង ទេសភាពស្អាត បរិយាកាសស្រស់ស្រាយល្អ ជិះមួយវឹងដល់
រៀងរាល់ថ្ងៃចុងសប្ដាហ៍ ក៏ដូចជាថ្ងៃឈប់សម្រាកពីការងារ ប្រិយមិត្តមួយចំនួនប្រាកដជាមានអារម្មណ៍ថាខ្ជិលក្នុងការធ្វើដំណើរផ្លូវឆ្ងាយដើម្បីទៅលម្ហែកាយ ដោយចង់តែទៅកម្សាន្តកន្លែងទេសចរណ៍ទាំងឡាយណាដែលនៅជិតៗក្រុង និង មានបរិយាកាសស្រស់ស្រាយបែបធម្មជាតិ កាត់បន្ថយសម្ពាធការងាររបស់ខ្លួនមិនខាន ។
ថ្ងៃនេះ «ប្រជាប្រិយ» សូមលើកយកនូវទីតាំងរមណីយដ្ឋានថ្មីមួយ ដែលមានទីតាំងនៅជិតរាជធានីភ្នំពេញ ងាយស្រួលក្នុងការធ្វើដំណើរទៅកម្សាន្តនៅថ្ងៃសម្រាកណាមួយ ដែលនៅទីនោះមានឈ្មោះថា «ចំការធ្នង់» ។
ចំការធ្នង់ ជារមណីយដ្ឋានថ្មីមួយកន្លែង ដែលជាកន្លែងសម្រាកលំហែកាយបែបធម្មជាតិ មានធាតុ ៣ ផ្សំបញ្ចូលគ្នាដែលមានដូចជា ទឹក មានព្រៃ និង វាលស្មៅ ដែលមានបរិយាកាសស្រស់ស្រាយបែបធម្មជាតិ និង ជាទីកន្លែងសម្រាប់សាងអនុស្សាវរីយ៍ល្អៗ ជាមួយក្រុមគ្រួសារ មិត្តរួមការងារ មិត្តភក្តិ បងប្អូន និង គូស្នេហ៍ ជាដើម សម្រាប់ទៅលម្ហែអារម្មណ៍ក្រោយសម្រាកពីការងារ ។
នៅទីនោះមានម្ហូបឈ្ញុយឆ្ងាញ់ និង បែបធម្មជាតិដូចជា មាន់ស្រែ ត្រីបឹង បន្លែធម្មជាតិដាំដុះដោយផ្ទាល់ និងអង្ករសរីរាង្គខេត្តព្រះវិហារ រួមទាំងមានបន្ទប់ស្នាក់នៅច្រើនបែបច្រើនយ៉ាងទៀតផង ។ គួរបញ្ជាក់ផងដែរថា រមណីយដ្ឋានមួយនេះ មានទីតាំងស្ថិតនៅលើផ្លូវអភិវឌ្ឍន៍ 7NG ត្រឹមតែ 12Km ពីកំពង់ដស្វាយជ្រុំជ្រោយចង្វា ឬ 14Km ពីកំពង់ដអរីយក្សត្រ ឬអាចឆ្លងតាមស្ពានព្រែកតាមាក់បានផងដែរ ៕
រូបភាពដោយ ៖ រាមភូមិ-reamphum