ផ្កាក្ងោក កំពុងរីកស្គុសស្គាយនៅតំបន់អង្គរ ទាក់ភ្នែកអ្នកដំណើរ ឲ្យគយគន់មិនចេះជិនឆ្អន់
ផ្កាក្ងោក ឬ ត្រសេក គឺជាប្រភេទផ្កាខ្មែរមួយប្រភេទ ដែលមានពណ៌ក្រហមឆើតឆាយឆ្អិនឆ្អៅ រីកជាចង្កោមធំៗ នៅរដូវធ្លាក់ភ្លៀង ដោយវាចាប់ផ្ដើម ជម្រុះស្លឹកចាស់ចោល និង ដុះពន្លកផ្កាយ៉ាងស្រស់ស្អាត ។ ថ្វីដ្បិតតែ ផ្កានេះមិនមានក្លិនក្រអូបខ្លាំង តែវាមានសម្រស់ស្រស់ស្អាតណាស់ ជាពិសេសពេលដាំជាជួរអមសងខាងផ្លូវ ដោយនៅពេលដល់រដូវវស្សា ដែលជារដូវវារីក វានឹងប្រជែងគ្នាបង្អួតសម្រស់ ស្រស់ត្រកាលក្រៃលែង ។
ជាក់ស្ដែងក្រោយឈានចូលមកដល់ខែវស្សា បើយើងក្រឡេកទៅមើលទិដ្ឋភាពនៅតំបន់អង្គរវិញ ប្រិយមិត្តនឹងបានឃើញផ្កាក្ងោកកំពុងរីកយ៉ាងរហង់ ត្រៀបត្រាពាសពេញតំបន់អង្គរ ពោរពេញទៅដោយពណ៌ក្រហមឆ្អិនឆ្អៅ ទាំងក្នុងបរិវេណប្រាសាទ និង តាមដងវិថីនានា នៅក្នុងតំបន់អង្គរ ។
តាមរយៈផ្កាក្ងោកដែលបានរីកយ៉ាងរហង់ស្រុះគ្នានេះ បានលើកសម្រស់តំបន់អង្គរឱ្យកាន់តែស្រស់ស្អាតមួយកម្រិតទៀត ដែលធ្វើឱ្យភ្ញៀវទេសចរណ៍ដែលបានទៅទស្សនាកម្សាន្តនៅទីនោះ បានផ្ដិតយករូបភាពជាមួយផ្កាដ៏ស្រស់ស្អាត និង ផ្ដិតយកនូវទិដ្ឋភាពផ្កាតាមដងផ្លូវ ដែលក្នុងមួយឆ្នាំ មានរីកតែមួយរដូវកាលប៉ុណ្ណោះ ។
សូមទស្សនាកម្សាន្តរូបភាពផ្កាក្ងោក ដែលរីកត្រៀបត្រា នៅកន្លែងមួយចំនួន ក្នុងតំបន់អង្គរ ៖
រូបភាពដោយ ៖ ទឹកដីសៀមរាបអង្គរ