ចាំបាច់អីទៅដល់ស្រុកគេ! បឹងនិស្ស័យ ទេសភាពធម្មជាតិស្អាតកប់ ស្ងប់ស្ងាត់ដូចនៅឋានសួគ៌
ស្ថិតនៅចម្ងាយប្រមាណជា ១៨៤ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ ត្រូវបានគេស្គាល់ថា ជាខេត្តគំរូ ជាខេត្តដែលមានផ្លូវកាច់កោងវែងអន្លាយយ៉ាងស្រស់ត្រកាល លាយឡំទេសភាពធម្មជាតិ និង តំបន់ទេសចរណ៍ស្អាតៗ ដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ ចង់ទៅលម្ហែកម្សាន្ត ក្រោយស្រាកស្រាន្តពីការរាតត្បាតជំងឺកូវីដ-១៩ ។
ជាក់ស្ដែង ស្ថិតនៅក្នុងឃុំអូរសោម ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ មានរមណីយដ្ឋានធម្មជាតិមួយ កំពុងសម្ញែងខ្លួន បង្អួតសម្រស់ដ៏ស្រស់រមនា ជាមួយវាលស្មៅពណ៌បៃតងវែងអន្លាយ ប្របជាត់មាត់បឹងគួរជាទីប្រតិព័ទ្ធ ដែលនៅទីនោះត្រូវបានគេស្គាល់ថា « បឹងនិស្ស័យ » ។
បឹងនិស្ស័យ សាកសមបំផុតសម្រាប់ភ្ញៀវទេសចរមកពីគ្រប់មជ្ឈដ្ឋាន មិនថាដំណើរកម្សាន្តបែបគ្រួសារ មិត្តភក្តិ ឫ គូស្នេហ៍ គឺថានៅតំបន់ទេសចរណ៍ធម្មជាតិមួយនេះ បើកចិត្តបើកកាយចាំទទួលភ្ញៀវទេសចរ ឥតមានរារែកចិត្តឡើយ ដោយផ្ដល់ឱ្យនូវអារម្មណ៍ស្រស់ស្រាយ ជាមួយការធ្វើដំណើរលើស្ពានឈើ ដើម្បីទៅកាន់មាត់បឹង ថតរូបកំសាន្ត និងស្រូបយកខ្យល់អាកាស ឱ្យមានអារម្មណ៍ស្រស់ស្រាយ រសាយអស់នូវរាល់ទុក្ខកង្វល់ផ្សេងៗ ។
គួរឱ្យដឹងផងដែរថា នៅទីនោះប្រិយមិត្តអាចបោះតង់សម្រាកកម្សាន្ត មើលថ្ងៃលិច និង ថ្ងៃរះ ថែមទាំងអាចគយគន់ឃើញ ភ្នំនៅក្បែរនោះសម្ញែងកាយយ៉ាងត្រដឹមត្រដែត ក្រោមផ្ទៃមេឃពណ៌ខៀវខ្ចីដ៏ធំល្វឹងល្វើយ គួរជាទីមនោរម្យក្រៃលែង ៕
រូបភាពដោយ ៖ បុប្ផាលាក់ខ្លួនភ្នំ១៥០០ Cambodia