ទឹកដីជីផាត់ ថតពីលើអាកាស ទេសភាពស្រស់ត្រកាល ក្បាលជាប់មាត់ទឹក កន្ទុយគងចង្កេះភ្នំ
ជីផាតគឺជាតំបន់សហគមន៍អេកូទេសចរណ៍ធម្មជាតិដ៏ប្រណីតមួយ អន្ទងយកដួងវិញ្ញាណរបស់ភ្ញៀវទេសចរជាតិ អន្តរជាតិរាប់រយនាក់នៅក្នុងមួយថ្ងៃៗ ឱ្យទៅលេងនៅទីនោះ ។ អ្នកទេសចរទាំងអស់អាចធ្វើដំណើរទៅលេងកម្សាន្តនៅទីនោះបានដោយចេញដំណើរពីចំណុចអណ្តូងទឹកក្នុងស្រុកស្រែអំបិល កាត់តាម ផ្លូវលំក្នុងព្រៃចម្ងាយប្រហែលជាង ១៧ គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ។
ភាពទាក់ទាញខ្លាំងបំផុតសម្រាប់ទឹកដីជីផាតមានចំនួន ១៥ កន្លែងរួមមាន មើលថ្ងៃលិច មើលអំពិលអំពែកនាពេលយប់ ជិះទូកចាក់បង្កងនៅតាមដងព្រែក ផ្នូរបុរាណ ពាងបុរាណ ដែលមានអាយុកាលជាង ៥០០ ឆ្នាំ រូងប្រចៀង អូរទឹកវេទ អូរពាមក្រវាញ អូរក្រូច អូរម្លូ វាលប្រាក់ វាលមាស ត្រពាំងកិត ដំណាក់ខុស ភ្នំត្រងោល ឆាយខ្ពស់ ឆាយជ្រៃ ជាដើម ។
ចំណែកឯឈ្មោះសហគមន៍អេកូទេសចរណ៍ជីផាត កើតចេញពីឈ្មោះតាជី និង យាយផាត ដែលជាអ្នកមករស់នៅតំបន់នេះមុនដំបូងគេ ទើបដាក់ឈ្មោះទីនោះថា «ជីផាត» ហើយត្រូវបានបង្កើតជាសហគមន៍អេកូទេសចរណ៍ជីផាត ក្នុងឆ្នាំ ២០០៧ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិ ជាពិសេសជួយបង្កើនការងារ និង ជីវភាពពលរដ្ឋក្នុងតំបន់នេះ ៕
រូបភាបដោយ ៖ Panharoth Kim