អ៊ែមណាស់! មានតែ ១០$ ជិះមួយវឹងទៅកំពង់ស្ពឺ ចូលកម្សាន្តកន្លែងមួយនេះ ជិះកៃយ៉ាកថតរូបលេង ស្អាតកប់
ថ្មីៗនេះ មហាជនកំពុងកក្រើកអារម្មណ៍ជាថ្មី ជាមួយតំបន់ទេសចរនានានៅកម្ពុជា ដែលកំពុងតែប្រកួតប្រជែងសម្រស់គ្នានៅលើបណ្ដាញសង្គម ទាក់ទាញដួងចិត្តភ្ញៀវទេសចរឱ្យរំជួលអារម្មណ៍ចង់ទៅលេងកម្សាន្ត។
ជាក់ស្ដែង ថ្មីៗនេះមានរមណីយដ្ឋាន ១ កន្លែង ទើបតែធ្វើការកែកុនថ្មី បានបង្ហាញខ្លួនបង្អូតសម្រស់ឱ្យភ្ញៀវទេសចរចង់បត់ចង្កូតចូលលេងកម្សាន្ត នោះគឺ «រមណីយដ្ឋាន ទំនប់ស្លា»។ ស្ថិតនៅភូមិស្លា ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ «រមណីយដ្ឋាន ទំនប់ស្លា» គឺជាទីកម្សាន្តដ៍ពេញនិយមជាមួយទេសភាពមាត់ទំនប់ធម្មជាតិ ដែលមានភ្នំព័ទ្ធជុំវិញគួរឱ្យចង់គយគន់លាយឡំខ្យល់អាកាសបរិសុទ្ធត្រជាក់ លួងលោមដួងចិត្តឱ្យអ្នកទៅទស្សនាកម្សាន្ត អាចរំសាយនូវរាល់ទុក្ខកង្វល់ និង បានថតរូបស្អាតៗជាមួយទេសភាពធម្មជាតិ និង ប្លង់ថតច្នៃប្រឌិតជាច្រើន ធ្វើឱ្យប្រិយមិត្តបានទៅហើយ ចង់ទៅទៀតឥតជិនណាយឡើយ ។
មិនតែប៉ុណ្ណោះ នៅទីនោះមានបឹងធំល្វឹងល្វើយ ជាប់ជើងភ្នំអាចឱ្យប្រិយមិត្តជិះកាយ៉ាកលេងកម្សាន្ត ជាលក្ខណៈគ្រួសារ មិត្តភក្តិ ឬ សង្សារ បានដោយសេរី ដោយមានទេសភាពស្រស់ត្រកាល លាយឡំសំឡេងសត្វយំ ហើរឆ្លុះផ្ទៃទឹកថ្លាឆ្វេង គួរជាទីមនោរម្យ ក្នុងការសម្រាកលម្ហែកាយា។
គួបញ្ជាក់ផងដែរថា ដើម្បីទៅដល់ទីនោះ ប្រិយមិត្តត្រូវចេញពីរាជធានីភ្នំពេញ ចម្ងាយប្រមាណ ៥៥ គីឡូម៉ែត្រ ស្ថិតនៅលើផ្លូវជាតិ ៤១ ដល់ផ្សារស្រង់ បត់ស្តាំតាមផ្លូវលេខ ១៤៣ ប្រមាណជា ៥ គីឡូម៉ែត្រ រហូតដល់សាលាឃុំស្រង់ រួចបត់ឆ្វេងប្រហែល ១០០០ ម៉ែត្រ នោះប្រិយមិត្តនិងបានទៅដល់ទីតាំងទីតាំងកម្សាន្តដ៏ស្រស់ត្រកាលមួយនេះ៕