មកកម្សាន្ត «ទឹកធ្លាក់ក្បាលព្រះ» នៅខេត្តមណ្ឌលគិរី បន្ធូរអារម្មណ៍តាមបែបធម្មជាតិ !
ទិដ្ឋភាពដ៏ស្រស់ស្អាតនៃសម្រស់ធម្មជាតិទឹកធ្លាក់ ដែលមានឈ្មោះថា “ទឹកធ្លាក់ក្បាលព្រះ” កំពុងតែទាក់ទាញភ្ញៀវទេសចរឱ្យទៅកម្សាន្ត ជាមួយនឹងទឹកជ្រោះដ៏ត្រជាក់ និង ទស្សនា សម្រស់ធម្មជាតិដ៏ស្រស់ស្អាត ក្រោមម្លប់ព្រៃឈើ ដ៏ស្រស់ត្រកាលគួរឱ្យចង់គយគន់ ។
ភ្ញៀវទេសចរអាចធ្វើដំណើរ ដោយថ្មើរជើង ឬ យានយន្តក៏បាន អាស្រ័យលើចំណង់ចំណូលចិត្តរៀងៗខ្លួន ។ ទឹកធ្លាក់ក្បាលព្រះនេះ មានទីតាំងស្ថិតនៅក្នុងភូមិពូត្រំ សង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី និង មានចម្ងាយ ១៣ គីឡូម៉ែត្រពីរូបសំណាកគោព្រៃ ដែលភ្ញៀវទេសចរអាចទទួលបាននូវបទពិសោធន៍ដើរព្រៃ និង អាចលម្ហែកាយជាមួយទឹកធ្លាក់ដ៏ត្រជាក់ចិត្ត និង ស្រស់ស្អាតមួយនេះ ។
ភ្ញៀវទេសចរទាំងឡាយនឹងបានប្លែកអារម្មណ៍ ហើយអ្វីដែលរឹតតែរំភើប និង អស្ចារ្យទៅទៀតនោះគឺ ការថតផ្តិតយករូបភាពព្រៃឈើពណ៌បៃតង នៅតាមដងផ្លូវ និង គ្របដណ្តប់ព័ទ្ធជុំវិញ តាមដងអូរ មាត់ជ្រោះ និង អាចស្វែងយល់បានកាន់តែច្រើនពីការរស់នៅរបស់បងប្អូនជនជាតិនៅលើដែនដី កម្រាលព្រំពណ៌បៃតងនៃខេត្តមណ្ឌលគិរីថែមទៀតផង ៕
ដោយ សុថាត់ (ប្រភព មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី)