ទឹកជ្រោះអូរតាវៅជារមណីយដ្ឋានដ៏ទាក់ទាញនៅខេត្តប៉ៃលិន(មានវីដេអូ)
ទឹកជ្រោះអូរតាវៅ បានក្លាយទៅជារមណីយដ្ឋាន ដែលមានទេសភាពដ៏ទាក់ទាញមួយ នៅក្នុងខេត្តប៉ៃលិន ដោយទឹកជ្រោះអូរតាវៅនេះ មានកម្ពស់ទឹកធ្លាក់ ១០ ម៉ែត្រ គឺជាទីកន្លែងដ៏សែនមនោរម្យ សម្រាប់ភ្ញៀវទេសចរជាតិ និង អន្តរជាតិទៅទស្សនាកម្សាន្ត ។
ទឹកជ្រោះអូរតាវៅមានទីតាំងស្ថិតនៅជួរភ្នំខៀវ បើលោក អ្នកចង់ទៅទស្សនា នៅទីនោះ គ្រាន់តែចំណាយពេលត្រឹមតែ ២០ នាទី ដោយការធ្វើដំណើរតាមម៉ូតូចេញពីទីរួមខេត្តប៉ៃលិននោះ លោក អ្នកនឹងបានទៅដល់គោលដៅ ។
ទឹកជ្រោះអូរតាវៅ គ្របដណ្តប់ទៅដោយម្លប់ឈើដ៏ខ្ពស់ត្រឈឹងត្រឈៃ ដែលប្រជាពលរដ្ឋទូទាំងតែងតែប្រទេសធ្វើដំណើរទៅ កម្សាន្តនៅទីនោះ ជាពិសេសអ្នករស់នៅតាមបន្ទាត់ព្រំដែនថៃតែម្តង ។ ទេសភាពភ្នំខៀវនេះ មានសម្រស់ខៀវខ្ចី ជាពិសេសទៅទៀតនោះ មានផ្ទាំងថ្មដាធំៗមើលទៅមានភាពស្រស់បំព្រង ដែលជាសម្រស់ធម្មជាតិពិតៗ គួរឱ្យទាក់ទាញបំផុត ។
ក្រៅពីសម្រស់ធម្មជាតិ ដែលទាក់ទាញទេសចរហើយនោះ ទឹកជ្រោះអូរតាវៅ បានផ្តល់នូវទឹកសម្រាប់ស្រោចស្រប់ដំណាំកសិកម្មរបស់ប្រជាពលរដ្ឋខេត្តប៉ៃលិន ដែលជាខេត្តសម្បូរត្បូងពីអតីតកាលនោះ ឱ្យទៅជាទឹកដីកសិកម្មប្រកប ដោយសក្តានុពលវិញ ខណៈកាលពីមុនមក នៅទីនោះគឺជាតំបន់មានដើមឈើធំៗ ដុះត្រៀបត្រា ដែលត្រូវបានកាប់ឆ្ការធ្វើជាវាលស្រែដាំដុះដំណាំកសិកម្ម ជំនួសវិញ ។
នៅក្បែរៗទឹកជ្រោះអូរតាវៅនោះ គេសង្កេតឃើញ មានចំការដំណាំព្រោងព្រាតដូចជាចំការ តាង៉ែន ពោត ដំឡូងមី ហើយអ្វីដែលរិតតែពិសេសទៅទៀតនោះគឺ ចំការផ្កាស្បៃរឿង និង ផ្កាឈូករ័ត្ន ដែលកំពុងទាក់ទាញភ្ញៀវទេសចរយ៉ាងខ្លាំង ៕ សុថាត់