សម្រស់ទឹកធ្លាក់ឆាយខ្ពស់ នៅតំបន់អារ៉ែងមានភាពទាក់ទាញដល់ម្ល៉ឹងផង !
ប្រសិនបើលោក អ្នក ចូលចិត្តធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋានធម្មជាតិនោះ លោកអ្នកមិនគួរមើលរំលង ទឹកធ្លាក់ឆាយខ្ពស់ ដែលមានទីតាំងស្ថិតនៅតំបន់អារ៉ែង ក្នុងភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ឡើយ ។
ទឹកធ្លាក់ឆាយខ្ពស់ ជារមណីយដ្ឋានទឹកធ្លាក់ដ៏ប្រណិតមួយកន្លែង ក្នុងចំណោម អេកូទេសចរដ៏ល្អឯកជាច្រើនទៀត នៅតំបន់អារ៉ែង កំពុងបង្អួតខ្លួនយ៉ាងស្រស់បំព្រងនៅកណ្តាលព្រៃភ្នំក្រមថ្ម មិនធ្វើឱ្យលោកអ្នកខុសបំណងឡើយ ។ ទឹកធ្លាក់ឆាយខ្ពស់នេះមានប្រភពចេញពីជួភ្នំក្រវាញភាគខាងត្បូង ដោយហូរកាត់ព្រៃភ្នំក្រមថ្មរាប់រយគីឡូម៉ែត្រ ទើបមកដល់ទីនេះ រួចហូរធ្លាក់ទៅដៃសមុទ្រ គឺព្រែកជីផាតនេះឯង ។
ក្រៅពីទឹកធ្លាក់ឆាយខ្ពស់ដ៏ប្រណិតនោះ ភ្ញៀវទេសចរក៏មានឱកាសទៅទស្សនា តំបន់វប្បធម៌បញ្ចុះសពបុរាណ ទស្សនាប្រភេទសត្វកម្រចំនួន ៣១ ប្រភេទ ដែលមាននៅសេសសល់ចុងក្រោយ នៅប្រទេសកម្ពុជា និង សត្វផ្សេងៗទៀត ដែលគេកម្រនឹងបានជួបប្រទះនៅកន្លែងផ្សេងៗទៀតណាស់ ។
សត្វទាំងនោះបាននឹងកំពុងរស់នៅលាក់ខ្លួនក្នុងធម្មជាតិយ៉ាងសុខសាន្ត ដែលមានដូចជា សត្វកេងកង ក្រពើភ្នំ ដំរី ខ្លាឃ្មុំ ត្រីនាជ ខ្លា ទន្សោង ខ្ចីង រម៉ាំង ប្រើស ឈ្លូស ពង្រូល កាំប្រម៉ា ក្ងោក ក្អែក ទុង ពស់ថ្លាន់ និង ពស់ហនុមានជាដើម។
ជាងនេះទៅទៀត គេក៏អាចស្តាប់សំឡេងសត្វយំយ៉ាងកងរំពងព្រៃ ដែលធ្វើឱ្យអ្នកដើរកម្សាន្តមានអារម្មណ៍រំភើប ឬ ព្រឺក្បាលផងដែរ ។ លើសពីនេះ ក៏មានជ្រលងភ្នំ ទឹកអូរ ថ្លាត្រជាក់ល្ហឹមឆ្លុះឃើញខ្សាច់ ដី ថ្ម និង មច្ឆាជាតិយ៉ាងច្បាស់ត្រជាក់ភ្នែកប្លែកអារម្មណ៍ទៀតផង ។ ក្រៅពីនោះ ក៏មានធនធានព្រៃឈើអភិរក្សជីវៈចម្រុះ ព្រៃស្រោងដ៏ស្រស់ស្អាត ដែលបាននឹងកំពុងអភិរក្ស និង បំបួសដោយព្រះសង្ឃព្រះពុទ្ធសាសនា សហគមន៍ និង អង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀត ។
បើចង់ធ្វើដំណើរទៅកម្សាន្តនៅទឹកធ្លាក់ឆាយខ្ពស់នោះ គឺចេញពីផ្លូវជាតិលេខ ៤៨ នៅម្តុំបង្គោលគីឡូម៉ែត្រលេខ ៤៥-៤៦ ភូមិព្រលាន ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ រួចបត់ស្តាំ បើមកពីភ្នំពេញត្រូវបត់ឆ្វេង បើចេញពីក្រុងខេមរភូមិ ចូលតាមផ្លូវក្រាលគ្រួសក្រហមចម្ងាយ ១៨ គីឡូម៉ែត្រ គឺមកដល់សាលាឃុំជីផាត នឹងបានទៅដល់ទឹកធ្លាក់ឆាយខ្ពស់នោះជាក់ជាពុំខាន ៕ សុតថាត់