
ក្រៅពីទស្សនាប្រាង្គប្រាសាទបុរាណដ៏អច្ឆរិយ និង សម្បូរបែបហើយនោះ ក៏នៅមានការទស្សនាកម្សាន្តនៅលើអាកាសថ្មីមួយទៀត ដែលពុំធ្លាប់មានពីមុនមក ។ ការហោះហើរលើអាកាសគយគន្ធព្រៃប្រឹក្សា នាំជូនដោយការហោះតាមខ្សែររ៉ក( Flight of the gibbon) ដែលមាននៅខាងក្រោយបរិវេណប្រាសាទព្រះកែវ ។
នៅទីនោះមានការរៀបចំល្បែងកម្សាន្ត បែបរំភើប ព្រឺព្រួច នៅកណ្តាលព្រៃ ពណ៌បៃតង នៃទឹកដីតំបន់អង្គរ នេះពិតជា អស្ចារ្យ ខ្លាំងណាស់ ដែលភ្ញៀវទេសចរ អាច ហោះហើរ ពីដើមឈើមួយ ទៅដើមឈើមួយ ជាមួយនឹងការរៀបចំប្រកបដោយសុវត្តិភាព ព្រមទាំងភ្ញៀវទេសចរបានគយគន់មើល ទេសភាព ដ៏ស្រស់ត្រកាល ទស្សនាសត្វព្រៃ សត្វបក្សា បក្សី ជាច្រើនប្រភេទ ស្រែកយំយ៉ាងគ្រលូចពាសពេញព្រៃបង្កើតបានជាតន្ត្រីធម្មជាតិមួយគួរឱ្យចង់ទស្សនាក្រៃលែង ។ ការទស្សនា និង កម្សាន្តនៅលើអាកាសនេះអាច ធានាបានថា អ្នកទស្សនានឹងទទួលបាននូវអារម្មណ៍ ព្រឺព្រួច រំភើប សប្បាយ រីករាយ ដែលពុំធ្លាប់បានជួបប្រទះពីមុនមក ។ ខ្សែរ៉ក(Flight of the gibbon) វាជាប្រភេទ ល្បែងកម្សាន្ត ដែលល្បីល្បាញ នៅបរទេស តែនៅពេលនេះ វាបានមកដល់ ប្រទេស កម្ពុជាហើយ ដែលមានទីតាំង ស្ថិតនៅកណ្តាល ទ្រួងព្រៃ ក្បែរប្រាសាទព្រះកែវក្នុងទឹកដីតំបន់អង្គរ នាក្រុង សៀមរាប ។ បើតាមការឱ្យដឹងរបស់អ្នកផ្តល់ព័ត៌មាន បានឱ្យដឹងថា ខ្សែរ៉ក (Flight of the gibbon) ពេលនេះ មានអ្នកគាំទ្រយ៉ាងច្រើន ទាំងភ្ញៀវទេចរក្នុងស្រុក និង ជាពិសេសគឺភ្ញៀវទេសចរបរទេសតែម្តង ដែលនិយមជិះ ខ្សែរ៉ក(Flight of the gibbon)នេះ ដោយមានការពេញចិត្តនឹងការកម្សាន្តជាមួយ(Flight of the gibbon) នៅក្នុងតំបន់អង្គរ ។ ការជិះខ្សែរ៉ក (Flight of the gibbon)នេះ នៅខាងក្រោយប្រាសាទព្រះកែវ ដែលត្រូវបានរៀបចំកម្សាន្តលើចម្ងាយផ្លូវជាង២គីឡូម៉ែត្រ ដែលមានកម្ពស់ខ្ពស់បំផុត៤០ម៉ែត្រ និងទាបបំផុត ត្រឹមកម្ពស់៥ម៉ែត្រ ។
ភ្ញៀវទេសចរដែលមកកម្សាន្តជាមួយនឹងការជិះខ្សែរ៉ក(Flight of the gibbon)នេះគឺមិនគិតពីពេលវេលាឡើយ គឺភ្ញៀវទេសចរអាចធ្វើដំណើរកម្សាន្ត ទៅហើយ ត្រលប់មកវិញ ដោយមានអាហារមួយពេលផង ហើយភ្ញៀវទេសចរម្នាក់ត្រូវបង់ប្រាក់ចំនួន ៩៩ ដុល្លារ សម្រាប់ភ្ញៀវបរទេស និង ៥៩ដុល្លារសម្រាប់ភ្ញៀវទេចរជាតិខ្មែរ ៕ សុថាត់
អត្ថបទដោយ៖ សុថាត់