វត្តពុទ្ធគីរីកម្ពុជា ជារមណីយដ្ឋានទេសចរណ៍បែបព្រះពុទ្ធសាសនា (មានវីដេអូ )
ជារៀងរាល់ថ្ងៃមានប្រជាពលរដ្ឋ និង ពុទ្ធបរិស័ទ ដែលបានទៅកម្សាន្តនៅវត្តពុទ្ធគីរីកម្ពុជានោះបាននាំគ្នាចូលបច្ច័យដើម្បីកសាងព្រះបដិមា នៅទីនោះជាហូរហែ ដែលធ្វើឱ្យទីនោះក្លាយទៅជារមណីយដ្ឋានទេសចរណ៍ ដ៏ល្បីមួយ នាពេលបច្ចុប្បន្ននេះ ។
វត្តពុទ្ធគីរីកម្ពុជា ស្ថិតនៅ ភូមិត្រពាំងស្ការ ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ នៅទីនោះ ព្រះគ្រូចៅអធិការវត្តមានគម្រោងកសាងព្រះបដិមា នៅជុំវិញភ្នំឱ្យបានចំនួន ៨៤ ០០០ អង្គ ដែលពេលនេះ កសាងព្រះបដិមា បានជាង ២០ ០០០ អង្គរួចហើយ ហើយព្រះបដិមាមួយអង្គមានតម្លៃចាប់ពី ២១ ដុល្លារ ដល់ ៨០ ដុល្លារ បើប្រជពលរដ្ឋ និង ពុទ្ធបរិស័ទ ចង់ចូលរួមកសាងអាចទៅទាក់ទងនៅទីអារាមនេះ ដោយផ្ទាល់ ។
ការកសាង ព្រះបដិមា ចំនួន ៨៤ ០០០ អង្គនេះ គឺប្រតិស្ឋានឡើងដើម្បីឧទ្ទិសចំពោះព្រះធម៌ ដែលព្រះដ៏មានព្រះភាគជាម្ចាស់បានទ្រង់ត្រាស់សម្តែងទុកក្នុងគម្ពីរព្រះត្រៃបិដកចំនួន៨៤ ០០០ ព្រះធម្មខន្ធផងដែរ ដែលមានព្រះត្រៃបិដកសរុបចំនួន ១១០ ក្បាល បែងចែកជាបីផ្សេងគ្នា មានព្រះវិន័យ ព្រះសូត្រ និង ព្រះអភិធម្ម សម្រាប់បូជា ព្រះបដិមាមួយព្រះអង្គ តំណាងឱ្យមួយព្រះធម្មខន្ធ ។
បើតាមការអំពាវនាវរបស់ព្រះសង្ឃ និង គណៈកម្មាធិការវត្តថា បើបងប្អូនមានចំណាប់អារម្មណ៍ ហើយមានសទ្ធាជ្រះថ្លានោះអាចមកទីអារាមនេះដើម្បី ជាវរូបព្រះបដិមា យកមកដាក់នៅវត្តនេះ តាមសទ្ធាជ្រះថ្លារៀងៗខ្លួន ៕ សុថាត់