ភ្នំជញ្ជាំង ល្បីល្បាញខ្លាំងនៅបន្ទាយមានជ័យ អាចមើលឃើញសម្រស់ទីក្រុងដ៏ត្រកាល
ស្ថិតនៅចុងពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា ខេត្តបន្ទាយមានជ័យ ជាខេត្តមួយដែលមានផ្ទៃដីធំលំដាប់ទី១៣ នៃប្រទេសកម្ពុជា មានក្រុងធំៗដល់ទៅ ០២ គឺ ក្រុងប៉ោយប៉ែត និង ក្រុងសិរីសោភណ្ឌ។ ក្នុងនោះនៅក្រុង សេរីសោភ័ណ មានភ្នំមួយ ដែលខ្ពស់ជាងគេបង្អស់នៅក្នុងខេត្តបន្ទាយមានជ័យ ដែលមានឈ្មោះថា «ភ្នំជញ្ជាំង»។
ស្ថិតនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានចម្ងាយប្រមាណជា ៤ គ.ម ពីសាលាខេត្ត «ភ្នំជញ្ជាំង» ជាភ្នំដែលខ្ពស់ជាងគេបំផុត នៅខេត្តបន្ទាយមានជ័យ និងអាចមើលឃើញទិដ្ឋភាពក្រុងសិរីសោភ័ណទាំងមូលពីលើកំពូលភ្នំ ដែលក្នុងនោះភ្នំនេះ មានល្អាងជាច្រើនដូចជា ល្អាងល្ខោន ល្អាងបោះឈូង ល្អាងប្រម៉ា ល្អាងប្រចៀវ ជាដើម។
កាលដើមឡើយ នៅភ្នំនេះ ធ្លាប់មានទឹកធ្លាក់ពីលើភ្នំ ខួបប្រាំង-វស្សា ហើយមាន អបិយជំនឿថា ប្រជាពលរដ្ឋតែងតែឮភ្លេងពិណពាទ្យ រៀងរាល់ថ្ងៃសីល ចេញពីល្អាងភ្នំនេះ ។ ក្នុងនោះផងដែរ នៅលើភ្នំ មានចេតិយតម្កល់ព្រះសិរីរិកធាតុ ដែលបាននឹងកំពុងសាងសង់នៅលើកំពូលខ្ពស់បំផុត ដើម្បីរក្សាបាននូវសេចក្តីសុខ និងភាពលូតលាស់ទៅមុខ ដែលក្នុងការសាងសង់នោះ គេក៏មានគម្រោង កសាងខ្សែរ៉ត ជិះកន្ត្រកសម្រាប់ ឡើងទៅចេតិយនោះផងដែរ។
សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២០ រាជរដ្ឋាភិបាល បានចេញច្បាប់ ដើម្បីបង្កើត ភ្នំជញ្ជាំងនេះ ឱ្យទៅជាតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំជញ្ជាំង ហើយព្រះចៅអធិការក៏បានសូមបិណ្ឌបាតផ្ទាំងសូឡា ធុងដាក់សំរាម និងបង្គន់អនាម័យពីក្រសួង និងសប្បុរសជន ដើម្បីលើកស្ទួយតំបន់បេតិកភណ្ឌធម្មជាតិមួយនេះឱ្យកាន់តែមានសក្ដានុពលទាក់ទាញភ្ញៀវទេសចរ ទាំងក្នុងស្រុក និងក្រៅស្រុកបន្ថែមទៀត៕
ប្រភព ៖ Heritages Diary ‐ បេតិកភណ្ឌប្រចាំថ្ងៃ